ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ត្រូវកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឯកភាពឲ្យមន្រ្តីក្រោមឱវាទ បន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ កម្លាំងសង្កាត់ចាក់អង្រែក្រោម សហការគ្នាចុះបង្ក្រាបជាក់ស្តែង ដកហូតបានទូហ្គេមបាញ់ត្រីចំនួន១គ្រឿង និងអ្នកញៀនល្បែងនិងប្រើប្រាស់គ្រឿងញៀន៥នាក់ផងដែរ។
ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្ដុំមាត់ទន្លេ ផ្លូវលំ ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នវត្ថុតាងទូរហ្គេមបាញ់ត្រីខាងលើដែលកម្លាំងមានសមត្ថកិច្ចធ្វើការដកហូតបាន ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការកម្ទេចចោលនៅពេលក្រោយ និងបិទទីតាំងខាងលើនេះ ចោលបណ្តោះអាសន្ន ។ ចំណែកយុវជន៥នាក់ដែលញៀនល្បែងនិងប្រើប្រាស់គ្រឿងញៀននោះ ត្រូវបានអាជ្ញាធរណែនាំនិងអប់រំធ្វើកិច្ចសន្យាផងដែរ រួចឲ្យត្រលប់ទៅផ្ទះវិញ ៕ស តារា