ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេសមួយក្រុម កំពុងដើរឆ្លងផ្លូវ តែមិនបាន សម្រេចបណ្តាលឲ្យជនរងគ្រោះដូលរបួសស្រាល ភ្លាមនោះក៏បានរថយន្តមួយគ្រឿងឃើញដូចនេះ ទើបបើករថយន្តបុកបណ្តាលឲ្យជនសង្ស័យដួលម៉ូតូត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់វាយទ្រមខ្លួន ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខាងជើងរង្វង់មូល សម្តេចសង្ឃជួនណាត តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទីមួយឈ្មោះឆី ឆៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកបក្ខពួកដែលរត់គេចខ្លួនឈ្មោះ អាភ័ក្រ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនមួយក្រុម មានគ្នា៧នាក់ ដើរតាមដងផ្លូវព្រះស៊ីសុវត្ថិ បំណងមករករ៉ឺម៉កកង់បីជិះ ភ្លាមនោះស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រឹមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT 5327 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង ក៏ធ្វើសកម្មភាពឆក់កាបូបស្ពាយ តែមិនបានសម្រេច ធ្វើឲ្យជនរងគ្រោះដួលទៅនឹងថ្នល់ រងរបួសស្រាល។
សាក្សីដដែលបានបន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបំណងជិះម៉ូតូគេចខ្លួន ភ្លាមនោះ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកមកបំបុកពីក្រោយធ្វើឲ្យជនសង្ស័យដួលម៉ូតូ ហើយត្រូវប្រជាពលរដ្ឋចាប់បានអ្នកជិះពីក្រោយ និងអ្នកធ្វើសកម្មភាពឆក់ផងដែរ ដោយឡែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួនៅប៉ុស្តិ៍នគរបាលចតុមុខរង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញចាត់កាបន្ត ៕ សុខាសែនជ័យ