តាមការរៀបរាប់ពីម្ចាស់ឈើឈ្មោះ នុត សាវ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ បាននិយាយថាៈ គាត់មកដឹកឈើនេះ មានច្បាប់អនុញ្ញាតពីនាយឧត្តមសេនិយ៍ គន់ គីម នាយសេនាធិការចម្រុះ អគ្គបញ្ជាការរងកងទព័ជើងគោក និងទទួលបន្ទុកយោធិនរំសាយ យកទៅធ្វើផ្ទះ១០ខ្នង សម្រេចបានតែបួនទេ ហើយមានហត្ថលេខាលោកអភិបាលខេត្ត ម៉ុម សារឿន និងប្រធានមន្ទីរកសិកម្មខេត្តទៀតផង ទើបគាត់ហ៊ានដាក់ និងដឹក ។
គាត់បញ្ជាក់ថែមទៀតថា គាត់ថា ខ្លាចអីទៀត បើមានចំណារប៉ុណ្ណឹងហើយ បើមានគេឃាត់ ឲ្យខលទៅលើទៅ ហើយក្នុងការដឹកនេះ គឺយកទៅធ្វើផ្ទះឲ្យយោធិនរំសាយបួននាក់នៅខេត្តតាកែវ ។
ក្នុងនោះផងដែរ លោកសន សារឿន អភិបាលស្រុកថាឡាបរីវ៉ាត បានឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ថា លោកអត់ដឹងទេ រឿងដឹកឈើ វាជារឿងមេព្រៃ ឲ្យសួរទៅមន្ទីរកសិកម្មទៅ ហើយបើវាផ្ទុកលើសទម្ងន់ លោកមានក្រុមការងារចម្រុះចាំត្រួតពិនិត្យ នៅកន្លែងជញ្ជីងហើយ បើលើស គេចេះធ្វើការហើយ ។
ជុំវិញរឿងនេះ លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្តបានប្រាប់អ្នកសារព៍ត៌មានយើងថា ក្នុងការឃាត់រថយន្យខាងលើនេះ ព្រោះមានឯកសារបញ្ជាក់មិនគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លងពីមន្ទីរលោកអត់បានដឹងទេ ហត្ថលេខាអត់ឈ្មោះចេញពីមន្ទីរ គាត់បានពីណានោះដែរ ។ សូម្បីតែផ្នែក និងសង្កាត់ដែលកូនចៅលោកគ្រប់គ្រងនោះ ក៏មិនបានដឹងដែរ ហើយម្យ៉ាងវិញទៀត រថយន្តខុសបច្ចេកទេសផ្ទុកទម្ងន់លើសមិនអាចឲ្យចរាចរណ៍លើផ្លូវជាតិបានទេ ទាល់តែឲ្យជំនាញសាធារណការ វាស់វែងរួចកាត់ទ្រុងទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ ទើបអាចឲ្យដំណើរការបាន ។
លោកបញ្ជាក់ទៀតថា ក្រោយពីកាត់ទ្រុងរួច ត្រូវឲ្យម្ចាស់រត់ការសារថ្មីឲ្យបានត្រឹមត្រូវ ពីថ្នាក់ក្រោមដល់លើ និងទីតាំងត្រូវដឹកជញ្ជូនចេញពីណាទៅណា ដើម្បីជៀសវាងត្រីងៀតឆ្លៀតពង ត្រូវបញ្ជាក់ពីទំហំផ្ទះ និងផ្ទះប៉ុន្មានខ្នង ចំនួនម៉ែត្រគូប ប៉ុន្មានគុណប៉ុន្មាន ហើយលោកនឹងឲ្យមន្ត្រីរបស់លោកចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវទើបអាចដំណើរការបាន។
គួររំលឹកថា ក្នុងការដឹកជញ្ជូនលើសទម្ងន់របស់ឈ្មួញ ឬក្រុមហ៊ុនផ្សេងៗ ជារៀងរាល់ថ្ងៃ និងយប់គេសង្កេតឃើញថា ឈ្មួញទាំងនោះមិនថា ដឹកដំឡូង ដឹកទំនិញផ្សេងៗ ជាពិសេសចរារចណ៍ឈើ តែងតែឆ្លៀត កែឆ្នៃលួចតទ្រុងរថយន្តខុសបច្ចេកទេស និងផ្ទុកលើសទម្ងន់ដើម្បីគេងចំណេញ ព្រោះតែប្រយោជន៍ខ្លួន ដោយមិនគិតអំពីបញ្ហាខូចផ្លូវ និងបង្កគ្រោះថ្នាក់ផ្សេងៗ ដល់ពលរដ្ឋស្លូតត្រង់ ដែលកំពុងធ្វើចរចរណ៍លើកំណាត់ផ្លូវតែមួយដូចគ្នានោះទេ។
សូម្បីតែអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហាក់បីដូចជាមិនអើពើអំពីរឿងនេះសោះ ដល់ពេលឮអនុសាសន៍សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃយើង ដាក់បទបញ្ជា និងរិតបន្តឹងទៅលើរថយន្តដែលផ្ទុកលើសការកំណត់ ធ្វើឲ្យខូចផ្លូវជាបន្តបន្ទាប់ ទើបមន្ត្រីថ្នាក់ក្រោមទាំងនោះរួសរាន់ញាប់ដៃញាប់ជើង ការពារ ព្រោះតែខ្លាចរបូតតំណែងរបស់ខ្លួនតែប៉ុណ្ណោះ ៕ មាស សុផាត