ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ក្នុងមណ្ឌលកែប្រែព្រៃស្ពឺ ២៤នាក់ ហែកបន្ទប់លួចរត់ទាំងយប់

ចែករំលែក៖

ភ្នំពេញៈ បើតាមសេចក្ដីរាយការណ៍បឋម មានជនដែលត្រូវធ្វើការអប់រំ កែប្រែនៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ប្រមាណ២៤នាក់ បានលួចហែកបន្ទប់រត់ចេញពីមណ្ឌល ហើយត្រូវចាប់បានមកវិញ តែ៣នាក់ប៉ុណ្ណោះ កាលពីយប់មិញ ខណៈនៅមាន២១នាក់ផ្សេងទៀត កំពុងរត់គេចខ្លួនចូលទៅភូមិក្បែរនោះ។

ប្រភពបន្តថា នៅមានជនញៀនថ្នាំ និងជនអានាថា២១នាក់ទៀត កំពុងរត់គេចទៅសម្ងំលាក់ខ្លួននៅភូមិក្បែរមណ្ឌលសំចតព្រៃស្ពឺ ដែលរហូតមកទល់ហ្នឹងព្រឹកថ្ងៃអង្គារនេះ នៅតែគ្មានដំណឹងពីការរកឃើញពួកគេ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលតាំងពីម៉ោង៨យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ដល់អ្នកភូមិនៅក្បែរមណ្ឌលសង្គមកិច្ច ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលំចូលវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជុំរៅ សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រហូតមកទល់ព្រឹកនេះ ក្រុមសន្តិសុខមណ្ឌល និងប្រជាការពារសង្កាត់ចោមចៅ២ កំពុងសហការគ្នាជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន តាមស្វែងរកចាប់ខ្លួនជនទាំង២១នាក់នោះមកវិញ។ យ៉ាងណា មិនមានសេចក្ដីរាយការណ៍ណាមួយបញ្ជាក់ពីមូលហេតុ នៃហេតុការណ៍ហែកបន្ទប់រត់ចេញពីមណ្ឌលកែប្រែព្រៃស្ពឺនេះឡើយ ប៉ុន្តែនេះ ហាក់បង្ហាញពីភាពកំសោយក្នុងការគ្រប់គ្រង និងថែរក្សាសន្តិសុខនៅក្នុងមណ្ឌល។

សូមជម្រាបថា មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ ស្ថិត​នៅ​សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ គឺ​ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ចាប់​មនុស្ស​ចាស់ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​គ្មាន​ទីជម្រក អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​វិកល​ចរិត ជាដើម យក​ទៅ​អប់រំ​កែប្រែ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ២០១៦ នា​ឱកាស​ទិវា​កុមារ​អន្តរជាតិ សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រិះ​គន់​ខ្លាំងៗ ​ចំពោះ​ការ​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​ព្រៃ​ស្ពឺ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​មុខ​មាត់​រាជរដ្ឋាភិបាល ហើយលោក​បាន​ព្រមាន​ពី​លទ្ធភាព ​ដែល​អាច​ឈាន​ទៅ​បិទមណ្ឌល​ព្រៃ​ស្ពឺ​នេះទាំងស្រុងផងដែរ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖