ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ ចុះអនុវត្តន៍យុទ្ធនាការឃាត់រថយន្តធុនធ្ងន់លើសចំណុះ និង រថយន្តកែឆ្នៃទ្រុងខុសបច្ចេកទេស ជាលទ្ធផលឃាត់រថយន្តសរុបចំនួន ៧៦គ្រឿង ។
ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ម៉ោង១០យប់ថ្ងៃដដែរ តាមបណ្ដោយផ្លូវលេខ៤៧ មហាវិថីព្រះមុនីវង្ស តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះនរោត្តម ជុំវិញរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ អភិបាលខណ្ឌ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យចុះអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើរថយន្តធុនធ្ងន់ដែលតទ្រុងវែងខុសលក្ខណ:បច្ចេកទេសឲ្យកាត់ទ្រុងដែលលើសកំណត់ចេញទៅតាមលក្ខណ:បច្ចេកទេស របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន ពិេសសគឺការចុះត្រួតពិនិត្យដោយផ្ទាល់ និងជាលទ្ធផលគណៈបញ្ជាការឯកភាព បានធ្វើការឃាត់រថយន្តសរុបចំនួន ៧៦គ្រឿងរួមមាន៖ ដោយទី១- រថយន្តធុនតូច(តូរីសដឹកសំពីងសំពោង)ចំនួន៤៧ គ្រឿង ( អប់រំណែនាំអោយត្រឡប់ទៅវិញ ) ទី២- រថយន្តធុនធំ សង្ស័យតទ្រុង ចំនួន ១១គ្រឿង ( ក្រោយវាស់ជាក់ស្តែកឃេីញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកកទេសរួចមក ក៏អោយត្រឡប់ទៅវិញ ) និងទី៣-រថយន្តធុនធំបេីកបរ នៅផ្លូវហាមឃាត់ចំនួន១៨គ្រឿង( អប់រំណែនាំអោយត្រឡប់ទៅវិញ ) ចំពោះរថយន្តដឹកលើសទម្ងន់ គឺតម្រូវអោយទំលាក់សំភារះចុះ អោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទើបអនុញ្ញាតអោយត្រឡប់ទៅវិញផងដែរ ៕ ស តារា