ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនដៃដល់ម្នាក់ ជាកម្មករសំណង់របស់ក្រុមហ៊ុន ជីបម៉ុង ខណៈដែលប្រើហឹង្សាទៅលើកម្មករម្នាក់ទៀតដោយយកដាវកាប់ចំក្បាល បណ្ដាលឲ្យរងរបួសរយះក្បាលដេរ ចំនួន២៧ថ្នេរ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៨ នៅចំណុចក្រុមហ៊ុនជីបម៉ុង ក្រុមទី ៧ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លៀប ទ្បុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្រុម ៧ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ២ មុខរបរ កម្មករសំណង់ ( ឃាត់ខ្លួន) ពីបទ ហឹង្សាមានស្ថានទំងន់ទោស(យកដាវកាប់ទៅលើជនរងគ្រោះ) ។ ចំណែកជនរងគ្រោះ ឈ្មោះ ដួង ចាន់ ទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅ ក្រុម ៧ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( រងរបួសរយះក្បាលដេរ២៧ថ្នេរ) ។ សំភារះដកហូតវត្ថុតាង៖ គ្មាន ។
សមត្ថកិច្ចដដែរ បានបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះទាស់ពាក្យសំដីគ្នានៅក្នុងក្រុមហ៊ុន ជីបម៉ុង រហូតឈានដល់ហឹង្សាធ្វើឲ្យជនសង្ស័យយកដាវកាប់ទៅលើជនរងគ្រោះទាំងកំរោល បណ្ដាលឲ្យរងរបួសរយះក្បាលដេរ២៧ថ្នេរតែម្តង ។ ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌនិងកម្លាំងសហប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុឈានដល់ឃាត់ខ្លួនសង្ស័យយកមកកាន់ប៉ុស្តិ៍ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនិតិវិធី ៕ ស តារា