ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាល៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ

ចែករំលែក៖

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់មនុស្ស២នាក់របួសធ្ងន់ និងមនុស្ស២នាក់ទៀតរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូបុកគ្នាពេញមួយទំហឹង លើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិធម្មស្រះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

មន្រ្ដីនគរបាលស្រុកចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ឃុត គង់ ភេទប្រុស អាយុ៤៣ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH- 2951 រួមដំណើរជាមួយឈ្មោះ ភួន ថាន ភេទស្រី យុ៤០ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះភាគីម៉ូតូម្ខាងទៀតឈ្មោះ កែវ ស្រីពៅ ភេទស្រី អយុ២២ឆ្នាំ (រងរបួសស្រាល) ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1C-8274 រួមដំណើរជាមួយឈ្មោះ កែវ គឹមហ៊ាង ភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិជយ័ឧត្ដម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល(របួសស្រាល) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិជយ័ឧត្ដម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបាត់ដំបង1C-8274 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើរម្នាក់ លុះជិះមកដល់ចំណុចកើតហេតុដែលជាចំណុចកណ្ដាលទ្រូងផ្លូវ ក៏បានបុកជាមួយម៉ូតូជនរងគ្រោះម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ1CH- 2951 ជិះក្នុងទិសដៅពីជើងទៅត្បូង ច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសនិងស្រ្ដីម្នាក់ជាប្ដីប្រពន្ធជិះម៉ូតូម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ1CH- 2951ទទួលរងបួសធ្ងន់ ។ ចំណែកឯអ្នកជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបាត់ដំបង1C-8274 ទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖