ខេត្ដស្វាយរៀង៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាសួស ឃាត់ខ្លួនបានភ្លាមៗ ខណៈមានជម្លោះក្នុងពិធីរាំធុងបាស ជាមួយក្រុមជនរងគ្រោះបានទាញកាំបិតដេញកាប់បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរត់ជាន់ជើងគ្នា និងរត់រកព្រះអាយុរៀងៗខ្លួន ។
តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងនៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថាជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់មានឈ្មោះ គង់ វណ្ណេត អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ព្រមទាំងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB8397 ផងដែរ ។
ចំណែកជនរងគ្រោះទាំង៤នាក់ មានឈ្មោះ ហ៑ល វណ្ណៈ ភេទអាយុ៣៤ឆ្នាំ, ឈ្មោះ ជ័យ (ជាមនុស្សគ) ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវរបួសចំពីលើក្បាលចំហៀងខាងឆ្វេង រងរបួសស្រាល, ឈ្មោះ សូ សាភ័ណ្ឌ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវរបួសចិញ្ចើមខាងស្តាំ រងរបួសធ្ងន់ និងឈ្មោះ ឆែម សារ៉ែម ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវរបួសចំពីលើក្បាលចំហៀងខាងស្តាំ ស្មាខាងស្តាំ និងប្រអប់ដៃខាងស្តាំចំនួន២ដំបង ដោយជនរងគ្រោះទាំង៤នាក់ រស់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ។ អ្នកទាំងបួននាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ។
ប្រភពបន្តថា តាមដំណើររឿងកាលពីវេលាម៉ោង១០យប់ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ មានពិធីបុណ្យរាំធុងបាស់ផ្ទះអ្នកភូមិ ខណៈក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យបានឡើងរាំកម្សាន្ត ដោយចាក់បទញាក់ឌីស្កូរួច ក៏ជាន់ជើងគ្នាបណ្ដាលឲ្យមានជម្លោះពាក្សសំដីយ៉ាងខ្លាំងបង្កឲ្យមានការប្រើហឹង្សាប្រតាយប្រតប់គ្នា ស្រាប់តែក្រុមជនសង្ស័យបានស្ទុះយកកាំបិតកាប់ទៅលើក្រុមជនរងគ្រោះទាំង៤នាក់ បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវរាំរត់ជាន់ជើងគ្នាតែម្ដង ។
ជនរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្វាយជ្រំ និងឃាត់ជនសង្ស័យម្នាក់មកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល និងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ជនសង្ស័យ៤នាក់ទៀត ចាត់ការតាមច្បាប់ ៕ យឹម សុថាន