ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទាំងព្រឹកនៅសង្កាត់វាលវង់បណ្ដាលឲ្យបុរសម្នាក់ និងស្រីម្នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ និងបងប្រុសរងរបួសធ្ងន់ស្រាល ខណៈមានជនសង្ស័យម្នាក់បានមកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយ ដែលគាត់ដាក់នៅក្នុងអាវមិនសម្រេចបណ្ដាលឲ្យដួលម៉ូតូទាំងជនសង្ស័យ និងជនរងគ្រោះ ភ្លាមៗនោះ ក៏មានគ្នាវាពីរម៉ូតូទៀតមកដឹកយកជនសង្ស័យគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជិតស្តុបផ្សារដេប៉ូផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមសំដីស្រ្តីឈ្មោះអូន ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា គឺរូបគាត់ និងបងប្រុសជិះម៉ូតូមួយគ្រឿង ឌ្រីមសង់ ១១០ ពណ៌ខ្មៅ ជិះចេញពីផ្សារដើមគ ដើម្បីយកផ្លែអំពិលទឹក និងផ្លែអំពិលគួរយកទៅលក់ នៅផ្សារទួលសង្កែ ពេលជិះមកស្តុបផ្សារដេប៉ូហួសបន្ដិច ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM.1491 តែម្នាក់ឯង ក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់បានដាក់នៅក្នុងអាវ ភ្លាមនោះ ជនរងគ្រោះបានទាញមកវិញ ទើបបណ្ដាលឲ្យដួលម៉ូតូទាំងពីរតែម្ដង។

ភ្លាមៗនោះស្រាប់តែមានម៉ូតូពីរគ្រឿងទៀត ដែលគាត់មិនចាំម៉ាក បានមកដឹកយកជនសង្ស័យគេចបាត់ស្រមោល បន្សល់ទុកតែម៉ូតូរបស់វានៅកន្លែងកើតហេតុតែប៉ណ្ណោះ ។

ក្រោយពេលកើតហេតុ សម្ថតកិច្ចប៉ុស្តិ៍វាលវង់មកដល់បានដឹកស្រ្តីរងគ្រោះយកទៅមន្ទីរ និងបងប្រុសទៅតាមក្រោយដើម្បីឲ្យពេទ្យលាងរបួសចេញ ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយនៅប៉ុស្តិ៍វាលវង់ ៕ ស រស្មី


ចែករំលែក៖