ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ពន្ធនាគារ១៥ឆ្នាំពីបទរំលោភសេពសន្ថវៈ! ចេញមកបាន១ខែចាប់រំលោភមនុស្សសតិមិនល្អរួច រត់ចោលស្រុកបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរអះអាងថា បុរសម្នាក់ ទើបនឹងចេញពីពន្ធនាគារប្រមាណ១ខែប៉ុណ្ណោះ ខណៈបុរសរូបនេះ ត្រូវបានតុលាកាកំណត់ឲ្យមានទោសរហូតដល់ទៅចំនួន ១៥ឆ្នាំ មិនរាងចាល ចាប់រំលោភមនុស្សមានសតិមិនល្អបានសម្រេចម្តងទៀត រួចរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះស្រាវជ្រាវក្នុងករណីនេះប្រាប់ថា ជនសង្ស័យប្រព្រិត្តបទល្មើស៖ រំលោភសេពសន្ថវៈបានសម្រេចរួចរត់គេចបាត់នោះឈ្មោះ សឹុម ខន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ រីឯនារីរងគ្រោះឈ្មោះ អ សខ ហៅដ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានសតិខុសប្រក្រតី ។

ប្រភពខាងលើបន្តថា មុនដំបូងជនសង្ស័យ(សឹុម ខន)ដើរសំដៅមកផ្ទះជនរងគ្រោះ ខណៈនាងនៅតែម្នាក់ឯង (គ្រាដែលម្ដាយ និងបងប្អូនរបស់នាងមិននៅផ្ទះ) ដោយជនសង្ស័យធ្វើជាសុំទឹកផឹក ដោយប្រើនាងទៅដួសយកមកឲ្យ ប៉ុន្តែជនសង្ស័យបានដើរពីក្រោយនាងទាំងទៅ ទាំងមក លុះចូលមកដល់ក្រោមផ្ទះបានធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែដោយឈ្មោះ ឆុយ ឆាន ត្រូវជាប្អូនថ្លៃនារីរងគ្រោះមានការសង្ស័យ បានដើរចេញពីផ្ទះរបស់ខ្លួនដែលនៅចម្ងាយពីគ្នាប្រមាណ ៤០ម៉ែត្រ ក៏ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពពិតប្រាកដដោយនៅពីលើបងថ្លៃស្រីរបស់ខ្លួន ហើយឈ្មោះ ខន ប្រាប់ថាចាំឲ្យម៉ែចូលស្ដីដណ្ដឹងតាមផ្លូវច្បាប់ ខ្លួនតបវិញថា ចាំទៅនិយាយគ្នានៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ហើយខ្លួន (ឆុយ ឆាន)បានដើរចេញទៅស្លៀកពាក់ដោយទុកឲ្យបងថ្លៃប៉ុន្មាននាក់នៅចាំពេលខ្លួនមកវិញ គ្រានោះធ្វើឲ្យជនសង្ស័យ(សឹុម ខន)មានឱកាសរត់គេចខ្លួនបាត់ ។

ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា៖ ជនសង្ស័យ(សឹុម ខន) ទើបចេញញពីពន្ធនាគារប្រមាណ ១ខែប៉ុណ្ណោះ ខណៈជនសង្ស័យរូបនេះត្រូវបានតុលាកាសម្រេចឲ្យជាប់ទោះចំនួន ១៥ឆ្នាំឯណុះ ដោយជាប់ពាក់ព័ន្ធក្នុងករណីរំលោភសេពសន្ថវៈ ដែលបានប្រព្រិត្តឡើងនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០២កន្លែងមក ហើយករណីខាងលើនេះនារីរងគ្រោះបាននាំទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធចាត់ការបន្ត ៕ ប៉ឹម ពិន

 


ចែករំលែក៖