ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តាមសេចក្តីជូនព័ត៌មានពីក្រសួងការបរទេស ចុះថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ចំនួន៨០០លានយ៉េន (ប្រមាណ៧លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

តាមក្រសួងការបរទេស “នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារៈ ចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោត សកល ដែលនឹងប្រព្រឹត្តទៅនៅ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ។

ក្រសួងបញ្ជាក់ថា ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជានិយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចំរើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព៕ ហេង សូរិយា


ចែករំលែក៖