ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនបញ្ជល់មាន់នៅក្នុងកាស៊ីណូ«GOLD CASTLE»ក្បែរច្រកទ្វារតំបន់«អូររំដួល»ក្នុងស្រុកភ្នំព្រឹកកំពុងដំណើរការសមត្ថកិច្ចគ្មានវិធានការ

ចែករំលែក៖

ប៉ោយប៉ែត៖ តាមសេចក្ដីរាយការណ៍ពីច្រកអូររំដួលថាៈ កាស៊ីណូមួយនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លី សង្វៀនបញ្ជល់មាន់ដ៏ធំមួយ កំពុងជ្រកក្រោមស្លាកកាស៊ីណូ «GOLD CASTLE» ដែលមានទីតាំងនៅក្បែរច្រកទ្វារតំបន់ «អូររំដួល» នៅក្នុងស្រុកភ្នំព្រឹក បានដំណើរការ ឡើងវិញ ដោយទ្រង់ទ្រាយធំជាងមុន និងកំពុងបង្ករការព្រួយបារម្ភ ដល់ប្រជាកសិករខ្មែរ នៅតាមតំបន់ព្រំដែន ដោយសារអ្នកចូលលេងល្បែងបញ្ជល់មាន់ជាជនជាតិខ្មែរ ស្ទើរ១០០% ទៅហើយ ។

តាមសេចក្ដីរាយការណ៏ឲ្យដឹងថា កាស៊ីណូ «GOLD CASTLE» នេះ ជារបស់ក្រុមហ៊ុន «សាប់រុងរឿងគ្រុប» បើកដំណើរការច្រើនឆ្នាំហើយ តែគ្មានល្បែងបញ្ជល់មាន់ទេ ។ ប៉ុន្តែប៉ុន្មានដើមឆ្នាំ២០១៨នេះ ក្រុមហ៊ុនកាស៊ីណូបានជួលដីមួយផ្នែកខាងលិចឲ្យទៅអ្នកផ្សេង ដើម្បីបើកសង្វៀនបញ្ជល់មាន់ ដែលដំបូងល្បីថា ជួលឲ្យជនជាតិថៃ ដោយដំណើរការបានមួយរយៈ ក៏បិទវិញ ។ ក្រោយមកស្រាប់តែមានសង្វៀនបញ្ជល់មាន់បើកឡើងវិញ ក្រោមការគ្រប់គ្រងរបស់មេល្បែងជនជាតិខ្មែរ៤នាក់ ។

មន្ត្រីម្នាក់នៅស្រុកភ្នំព្រឹកបានប្រាប់ថា បន្ទាប់ពីបិទបានជាង១សប្ដាហ៍ប៉ុណ្ណោះ សង្វៀនបញ្ជល់មាន់របស់ «ហ៊ាទ្រី» បានបើកដំណើរការជាថ្មីឡើងវិញ ក្នុងទ្រង់ទ្រាយធំដុំជាងមុន ដែលទំនងមានសញ្ញាភ្លើងខៀវ ពីថ្នាក់មានអំណាចណាមួយ ហើយការបើកឡើងវិញនេះ បានរយៈពេលជិត១សប្ដាហ៍ហើយ ។ អ្វីដែលបង្ករក្ដីបារម្ភដល់ប្រជាជន ដែលរស់នៅក្នុងស្រុកជាប់ព្រំដែនមួយនេះ គឺការប្រឈមនឹងការប្រព្រឹត្តល្បែងស៊ីសងយ៉ាងចំហរនៅតំបន់នោះ ដែលនាំឲ្យកើតមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារជាបន្តបន្ទាប់ ដោយសារប្ដី ឬកូនចៅញៀននឹងល្បែងបញ្ជល់មាន់នេះ ។

បើយោងតាមច្បាប់ស្ដីពីបង្ក្រាបល្បែង ស៊ីសងជំពួក១ បទបញ្ញត្តិទូទៅៈ មាត្រា(១) ត្រូវហាមជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។ មាត្រា(២) រាល់លិខិតដែលបានអនុញ្ញាតឲ្យបើកលេល្បែងស៊ីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជាមោឃៈ ។

ជុំវិញទីតាំងបញ្ជល់មាន់ខាងលើនេះ ម្ចាស់ទីតាំងអ្នកសារព័ត៌មានទូរសព្ទ័ចូលទទួលទូរស័ព្ទតែសួរពាក់ព័ន្ធទីតាំងបញ្ជល់មាន់ បែរជាបិទទូរស័ព្ទទៅវិញ។

ចំណែកលោកសុង សុភក្រ្ត អធិការស្រុកសំពៅលូនមានប្រសាសន៍តាមទូរស័ព្ទថា លោកបានសុំគោលការណ៍ទៅថ្នាក់លើហើយ ម្យ៉ាងទីតាំងនោះ លោកថាគេមានច្បាប់ទម្លាប់ លោកមិនទាន់បានធ្វើអ្វីឡើយ តែលោកបានឲ្យកូនចៅទៅមើលហើយ មិនឃើញមានលេងនោះទេ ។

ប្រជាពលរដ្ឋលើកឡើងថា រឿងសង្វៀនមាន់ ដែលជ្រកក្រោមស្លាកកាស៊ីណូ «GOLD CASTLE» នេះ មានច្បាប់ ឬគ្មានច្បាប់ វាជាការទទូលខុសត្រូវរបស់អាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ៕ វណ្ណា


ចែករំលែក៖