ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣បានអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដាក់គោលដៅចាប់ម៉ូតូកញ្ចក់ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងឆ្លងកាត់ ពេលឃើញដូចនេះ កម្លាំងនគរបាលបានហៅឃាត់ស្រាប់តែ ជនសង្ស័យម្នាក់បានផ្លោះរបងរត់ចោលម៉ូតូ ចំណែកឯអ្នករួមដំណើរម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនដើម្បីសួរ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលគេចខ្លួនត្រូវបានគេស្គាល់ ឈ្មោះ ភ័ក្រ ភេទប្រុស អាយុជិត៣០ឆ្នាំ មានទីលំនៅក្នុងភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ចំណែកអ្នករួមដំណើរឈ្មោះ ណូ ដានិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅជិតវត្តឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបានចោមចៅទី៣ដឹកនាំដោយលោក ថេង កុសល់ មេប៉ុស្តិ៍នគរបាល បានអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែឃើញម៉ូតូម៉ូតូគ្រឿងម៉ាក ហុងដាPCXពណ៏សមានកញ្ចក់ ប៉ុន្តែអត់ស្លាកលេខទើបហៅសួនាំតែបែជាម្ចាស់ម៉ូតូទុកម៉ូតូចោលហើយរត់គេចខ្លួនផ្លោះរបងរត់ចូលទៅក្នុងក្រុមហ៊ុនលក់រថយន្ត CHENG LONG MOTO (CIMC) នៅជិតនោះគេចខ្លួនបាត់តែម្ដង ពេលនោះកម្លាំងបានតាមរកដែរតែរកមិនឃើញឡើយ ។
ចំណែកអ្នករួមដំណើរម្នាក់ទៀតត្រូវឃាត់ខ្លួនសួរនាំ ហើយក្រោយពីសាកសួរនាំយុវជននេះបាននិយាយថាខ្លួនគ្រាន់តែជាអ្នកសុំឈ្មោះភ័ក្រ្តជាមួយក្នុងបំណងរកទិញអីហូបប៉ុណ្ណោះ ព្រោះជាអ្នករស់នៅភូមិជិតគ្នា ។ ក្រោយមកដោយសារម៉ូតូអត់ស្លាកលេខ ហើយពួកគេអត់ពាក់មួកសុវត្ថិភាព ក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះ ហើយឈ្មោះភ័ក្ត្រទំនងមានខ្លួនដែលប្រព្រឹត្តល្មើសអ្វីមួយទើបរត់ រីឯរូបគេមិនបានដឹងរឿងមិនមានគំនិតគេចខ្លួនឡើយ ។ បន្ទាប់ពីសួរនាំឃើញថា យុវជននេះមិនបានដឹងរឿងអ្វីទាំងអស់ននោះ ទើបកម្លាំងដោះលែងឲ្យរួចខ្លួននិងត្រឡប់ទៅផ្ទះវិញ ។
ប្រភពខាងលើបានបន្តទៀតថា ម៉ូតូម៉ាកPCXនោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ខាងលើដកហូតទុក ហើយសង្ស័យថា ជនដែលរត់គេចខ្លួននោះលួចពីកន្លែងណាមួយ ហើយមានស្នាមគាស់ស្លាកលេខចោលថែមទៀតផង ។ ពេលនេះកម្លាំងកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លូនជនសង្ស័យម្នាក់នោះមកសាកសួរឲ្យដឹងពីមូលហេតុដែលរត់ចោលម៉ូតូនោះហើយ៕ សុខាសែនជ័យ