ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបនិងចាប់ចោរប្លន់ម្នាក់ បានភ្លាមៗ បន្ទាប់ពីជនសង្ស័យ រូបនោះធ្វើសកម្មភាព ប្លន់ម៉ូតូឌុប កាលពីវេលាម៉ោង៩ យប់ ថ្ងៃចន្ទ៥កើតខែផល្គុន ឆកនាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃចន្ទ ៥កើតខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងជើង ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែល ឃាត់ខ្លួននេះ ឈ្មោះ ដែម រដ្ឋា អាយុ២៥ឆ្មាំ ភេទប្រុស នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាកម្មករ បានធ្វើសកម្មភាពចាក់ទៅលើ ជនរងគ្រោះឈ្មោះ តុល រតនៈសុខា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាគ្រូបង្រៀនសាលាចិន ទំនេរពីការងារឆ្លៀតរត់ម៉ូតូឌុប បន្ថែមដើម្បីរក កំរៃចិញ្ចឹមគ្រួសារ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុជនសង្ស័យ បាន ហៅជនរងគ្រោះឲ្យឌុបទៅកន្លែងស្ងាត់ ក្នុងគោលបំណង ប្លន់ម៉ូតូ លុះដល់ចំនុចZOAដែលជាកន្លែងស្ងាត់ ជនសង្ស័យ ក៏បានប្រើល្បិចជាចុះនោម បន្ទាប់មក ក៏ដកកាំបិត ចាក់ជនរងគ្រោះ ត្រូវសុះសាច់ចំនួន៦ កាំបិតបណ្តាលឱ្យ រងរបួស ពេញខ្លួនមានឈាម ហូរស្រោចម៉ូតូ ។ ភ្លាមនោះៗជនរងគ្រោះបានស្រែកឱ្យអ្នកស្រុកដែលមានលំនៅឋាន នៅក្បែរនោះ ចេញមកជួយ ចៃដន្យឮដល់កម្លាំងនគរបាល ក្រុងប៉ោយប៉ែតនៅក្បែរនោះ បានចុះទៅធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួន ជនសង្ស័យបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបគេពិតជាបាន ប្រព្រឹត្ត អំពើប្លន់ដូចជាការរៀបរាប់ខាងលើពិតប្រាកដមែន។ ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការរដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមច្បាប់៕សហការី