ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ឃុំក្នុងបទល្មើសគ្រឿងញៀនកើនឡើង៥១.៧៦% នៃជនជាប់ឃុំសរុប

ចែករំលែក៖

ភ្នំពេញ៖ ដោយយោងតាមរបាយការណ៍សេចក្តីសន្និដ្ឋាន របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានឲ្យដឹងថា រាជរដ្ឋាភិបាលដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងទី២ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ជនជាប់ឃុំក្នុងបទល្មើសគ្រឿងញៀនមាន១.៤៧០៧នាក់ ស្មើនឹង៥១.៧៦% នៃជនជាប់ឃុំសរុប២.៨៤០០នាក់។
នេះជារបាយការណ៍សន្និដ្ឋានរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានលើកឡើងនៅក្នុងឱកាសបិទសន្និបាតរបស់ខ្លួន ដែលបានប្រព្រឹត្តធ្វើឡើងនារសៀលថ្ងៃអង្គារ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯទីស្តីការក្រសួងមហាផ្ទៃ។
របាយការណ៍សន្និដ្ឋានដដែលបានឲ្យដឹងទៀតថា អនុវត្តតាមគោលការណ៍ ដែលដាក់ចេញនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ទិសដៅការងាររបស់អគ្គនាយកដ្ឋាន និងដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង ការគាំទ្រពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលកិច្ចការពន្ធនាគារព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ថ្នាក់ នៅតាមនាយកដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ការងារដឹកនាំគ្រប់គ្រងពន្ធនាគារក្នុងឆ្នាំ២០១៧ ធានាបានសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់ សុខភាព មនុស្សធម៌ និងបានកែលំអរហេដ្ឋារចនាសម័្ពន្ធពន្ធនាគារបានល្អប្រសើរថែម១កំរិត បាតុភាព ល្មើសវិន័យបទបញ្ជាផ្ទៃក្នុង និងល្មើសនីតិវិធី នៅតាមពន្ធនាគារមានការថយចុះ។
របាយការណ៍ដដែលបន្ថែមថា ការកើនឡើងនៃជនជាប់ឃុំ ធ្វើឲ្យស្ថានភាពផ្ទុកនៅតាមពន្ធនាគារប្រឈម និងភាពចង្អៀតណែនបណ្តាលឲ្យការរៀបចំឃុំឃាំងតាមច្បាប់នីតិវិធី និងការឃុំឃាំងដោយឡែកសម្រាប់បទល្មើសគ្រឿងញៀនពុំអាចដំណើរការទៅបានល្អ ធ្វើឲ្យមានហានីភ័យខ្ពស់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់អនាម័យសុខភាព និងការបង្កាជំងឺឆ្លង ព្រមទាំងមិនអំណោយផលដល់ការងារអប់រំកែប្រែ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំ។
ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវក្តីបារម្មណ៍យ៉ាងចំពោះសុខភាពរបស់អ្នកទោស ខណៈអ្នកទោសមានការកើនឡើងជិត២ម៉ឺននាក់នៅក្នុងឆ្នាំ២០១៧នេះ ដែលកំពុងជាប់ឃុំឃាំង។ សម្តេចក៏បានលើកឡើងនូវប្រសាសន៍ថា បច្ចុប្បន្នយើងពិតជាបានព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះសុខភាពអ្នកទោស ដែលមានចំនួនកើនឡើងហើយអគារឃុំឃាំងមានសភាពតូចចង្អៀត ជាពិសេសអ្នកទោសគ្រឿងញៀននេះតែម្តង។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃកំពុងពិចារណាក្នុងពង្រីកអគារឃុំឃាំងបន្ថែមទៀត នៅតាមខេត្ត និងដាក់ពួកគេនៅក្នុងសហគម។
សម្តេចក៏បានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលអនុវត្តយ៉ាងម៉ាត់ចំពោះករណីគ្រឿងញៀន បានធ្វើឲ្យអ្នកទោសនៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះមានការកើនឡើងហើយកន្លែងដាក់ពួកគេត្រូវបានលើសកំណត់ដែលកត្តាធ្វើឲ្យប៉ះពាល់ដល់សុខភាព៕ តាឡឹម

ចែករំលែក៖