ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែខឹងដកលុយមិនចេញពីទូATMមិនបាន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលទ្បើងកាលពីថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤ និង៥០នាទីល្ងាច ស្ថិតនៅធនាគារ ក្នុងមជ្ឈមណ្ឌលអ៊ែរវ៉ូត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
ជនបង្ករខាងលើ មិនស្គាល់អត្តសញ្ញាណទេគ្រាន់តែដឹងថា មានអាយុជាង៣០ឆ្នាំ ដោយពិបាកទំនាក់ទំនងគ្នា ទើបសមត្ថកិច្ចបញ្ជូនខ្លួនគាត់ ទៅអប់រំនៅប៉ុស្តិ៍រដ្ឋបាលនរគបាលតែម្តង។
តាមប្រភពពីសន្តិសុខ យាមប្រចាំនៅទីនោះ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិននោះ ធ្វើដំណើរតាមម៉ូតូឌុប មកចុះនៅចំណុចខាងលើ ហើយដើរចូលទៅធនាគារមួយកន្លែងមានទូATM ក្នុងគោលបំណងដកលុយ តែម្នាក់ឯង ចុចទូATM ម្តងហើយម្តងទៀត រួចចាប់ផ្តើមឡូឡា មិនដឹងថាមានរឿងអ្វី ទើបបានជាជនបរទេសរូបនេះ ឈ្លោះជាមួយទូATM ទៅវិញ តែមតិភាគច្រើន សន្និដ្ឋាន ថាមកពីកាតATMរបស់ជនជាតិចិននេះគ្មានលុយ ទើបដកលុយមិនបាន។ ទើបចាប់ផ្តើមបញ្ចេញចរឹកឆេវឆាវ ជាងខ្លាទៅទៀត ដើរចេញក្រៅ ស្រែកឆ្កាដៃឆ្កាជើងតែម្នាក់ឯង រួចមករើសបានដុំថ្ម បម្រុងគប់កញ្ចក់ទ្វារATM តែត្រូវបាន កម្លាំងសមត្ថកិច្ចប្រចាំការនៅក្បែរនោះឃាត់ខ្លួនទាន់។
ក្រោយពីសមត្ថកិច្ចនាំខ្លួនយកមកអប់រំនៅប៉ុស្តិ៍នគរបាលអូបែកក្អមរួចក៍ឲ្យជនជាតិរូបនោះត្រឡប់ទៅវិញ៕ តុង សីហា