លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidtនឹងចូលរួមនៅក្នុងពិធីកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលអាមេរិកថ្មីមួយនៅក្នុងស្ថានទូតអាមេរិករាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះមានកម្មវិធីនានាមួយចំនួន ដូចជាក្លិបរៀនភាសាអង់គ្លេស ក្លិបភាពយន្ត ក្លិបអានសៀវភៅ និងកម្មវិធីវាគ្មិនស្តីពីប្រធានបទនានា។ មជ្ឈមណ្ឌលក៏មានផ្តល់ផងដែរនូវសេវាណែនាំស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែល ផ្តល់ព័ត៌មានដោយឥតគិតថ្លៃ មិនលំអៀង និងពេញលេញ ស្តីពីស្ថាប័នសិក្សាអប់រំនៅក្នុងសហរដ្ឋអាមេរិក និងការណែនាំសំរាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្តីពីវិធីល្អៗក្នុងការចាប់យកឱកាសទាំងនោះ។
ដោយពីមុនមកមានឈ្មោះថា មជ្ឈមណ្ឌលធនធានព័ត៌មាន មជ្ឈមណ្ឌលអាមេរិកថ្មីនេះមានសៀវភៅចំនួន១៥០០ក្បាល ទស្សនាវដ្តី សៀវភៅដែលមានជាសំលេង និងភាពយន្តឯកសារស្តីពីប្រធានបទនានា និងមូលដ្ឋានទិន្នន័យសំរាប់ការស្រាវជ្រាវរបស់សិស្ស និស្សិតនិងសាធារណជនទូទៅ។ បុគ្គលិករបស់មជ្ឈមណ្ឌលអាមេរិកនិងផ្នែកផ្តល់សេវាព័ត៌មានស្តីពីការសិក្សានៅសហរដ្ឋអាមេរិក នឹងថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងពេលនៃពិធីនេះ។
គេហទំព័រចំនួនពីរខាងក្រោមនេះមានព័ត៌មានបន្ថែម ស្តីពីមជ្ឈមណ្ឌលអាមេរិក និងផ្នែកផ្តល់ព័ត៌មានស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក។
American Center: https://kh.usembassy.gov/education-culture/american-spaces/american-center/.
EducationUSA:https://kh.usembassy.gov/education-culture/study-usa/educational-advising-center/
ពិធីសម្ពោធនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី ២៧ ខែកុម្ភៈ វេលាម៉ោង ១០:៣០ ព្រឹក។
អ្នកសារព័ត៌មានដែលចង់យកព័ត៌មាននៅក្នុងពិធីនេះត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក ដោយហៅទូរស័ព្ទមកលេខ ០២៣ ៧២៨២៥៨ ឬអ៊ីម៉េលមក ChreaV@state.govអោយបានមុនថ្ងៃចន្ទទី ២៦ ខែកុម្ភៈ វេលាម៉ោង ៩:០០ព្រឹក ៕