ភ្នំពេញ៖ បុរសជាជាងសំណង់ម្នាក់បានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកង់បីបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងផ្សាដំបូលដែក ហើយបានប៉ះជាមួយនឹងខ្សែកាបបណ្តាលឲ្យឆក់ធ្លាក់ពីកម្ពស់ប្រហែល១០ម៉ែត្រចុះក្រោម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាជាងផ្សាដែក បានផ្សាដំបូលសំយ៉ាបផ្ទះ ដែលនៅកៀកនឹងខ្សែកាបតាមដងផ្លូវ ខណៈកំពុងផ្សាក៏ដើកដែកប៉ះជាមួយនឹងកាបបណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលមកដីរងរបួសធ្ងន់ ។
សាក្សីដដែលបានបន្តថា ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យឯករាជ្យ២ ៕ សុខាសែនជ័យ