ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខចោរឆក់ម្នាក និងអ្នកជួញដូរថ្នាំញៀនមានកាំភ្លើងខ្លីម្នាក់

ចែករំលែក៖

ភ្នំពេញ: នារសៀលថ្ងៃ សុក្រ៩  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨ មុននឹងបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ២នាក់ក្នុងបទល្មើស២ករណីគឺអំពើលួចមានស្ថានទម្ងន់ទោស១ករណីនិងអំពើកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត,រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់លិខិតសាធារណ:ក្លែងមួយករណី។
មន្រី្តនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ហ៊ឹម វិរុតភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅម្ហូបការ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះនិងបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួន បានឆក់ទូរស័ព្ទជនរងគ្រោះមានឈ្មោះFINLEY EVERINGTONភេទប្រុស អាយុ២១ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅសណ្ឋាគារLE MONTផ្ទះលេខ១៩១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០១៨វេលាម៉ោង២និង៤០នាទីរសៀល នៅចំណុចមុខផ្ទះលេខ១៥ផ្លូវ៣០៤ភូមិ២សង្កាត់សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ពួកគេ ជិះម៉ូតូមួយគ្រឿងម៉ាកSuzuki Nexពណ៌ផ្កាឈូកផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1GJ 9054 បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះខាងលើខណ:កំពុងធ្វើដំណើរជាមួយមិត្តស្រី នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ៣០៤ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមនរាជធានីភ្នំពេញ។
វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពដែលចាប់យកបានមានម៉ូតូមួយគ្រឿងខាងលើនិងមួកសុវត្ថិភាពពាក់ធ្វើសកម្មភាពចំនួនមួយ ។
ចំណែកករណីទី២ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាំង សុខលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ វត្ថុតាងដែលនគរបាលចាប់យកបានមានអាវុធខ្លីម៉ាកK59 លេខ៤១៤០ ផលិតនៅប្រទេសរុស្ស៊ី បង់ចំនួន១គ្រាប់ចំនួន៣គ្រាប់ សារធាតុញៀនក្រាម ពណ៌សថ្លា១ថង់តូច ម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ខ្មៅទឹកមាស ពាក់ស្លាកលេខក្លែងក្លាយ កំពង់ចាម1A 8447។
នគរបាលឲ្យដឹងថាកាលពីវេលាម៉ោងប្រហែល៨និង៣០នាទី ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានល្បាតការពារសន្តិសុខសុវត្ថិភាពក្នុងរាជធានីភ្នំពេញ ពេលកម្លាំងល្បាតតាមដងផ្លូវមកដល់ចំណុចមុខផ្ទះសំណាក់សេះមាស ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងបានឃើញជនសង្ស័យម្នាក់កំពុងជិះម៉ូតូមួយគ្រឿងស្លាកលេខក្លែងក្លាយខាងលើហើយដោយមានការសង្ស័យ កម្លាំងក៏បានហៅធ្វើការត្រួតពិនិត្យរកឃើញមានអាវុធខ្លី១ដើម និងសារធាតុញៀនក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច រួចក៏នាំខ្លួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមទាំវត្ថុតាងត្រូវបានការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ប្រាថ្នា

ចែករំលែក៖