ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបំផ្លាញផ្ទះឈើ៣ខ្នង នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ផ្ទះឈើចំនួន៣ខ្នង ត្រូវព្រះអគ្គិបំផ្លាញគ្មានសល់កាលពីយប់ថ្ងៃ ចន្ទ ១២ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះឈើ៣ ខ្នង ដែលព្រះអគ្គិបំផ្លាញគ្មានសល់នេះជាកម្មសិទ្ធិ

១.ឈ្មោះ ឈីម ស្រ៊ីន អាយុ ៨១ ឆ្នាំ ឆេះផ្ទះទំហំ ៥,៦ x ១០ ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី ,

២.ឈ្មោះ ឈឿង សេងហ៊ា អាយុ ៥០ ឆ្នាំ ឆេះផ្ទះទំហំ ៧ x ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ,

៣.ឈ្មោះ ហុង ឈាងខ្វាន់ អាយុ ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។

បន្ទាប់ពីមានអគ្គិភ័យបែបនេះកើតឡើងភ្លាម លោកឧត្តមសេនីយទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤ គ្រឿង ក្នុងនោះមានរថយន្តរបស់ស្រុកក្រូចឆ្មា ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងក្រុងសួង ចេញទៅជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ទើបពន្លត់ចប់ជាស្ថាពរនៅម៉ោង ១១ យប់ ។

បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ឈីម ស្រ៊ីន មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេ ខ្សែភ្លើង) ខណៈដែលគាត់បិទទូរទស្សន៍ បិតភ្លើងអំពូល នាំកូនចៅចូលសំរាកបានបន្តិចក៏ឮសូរសំឡេងផ្ទុះ និងឃើញបែកផ្កាភ្លើងនៅចំកណ្តាលផ្ទះហើយបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ បន្ទាប់មកក៏បន្តឆាបឆេះរាលដាលផ្ទះអ្នកជិតខាងចំនួន ២ ខ្នងទៀត តែមិនបង្កឲ្យមានរបួសឬប៉ះពាល់ដល់អាយុនរណាម្នាក់ឡើយ ។ ចំណែកសម្ភារៈដែលខូចខាតមានប្រាក់ដុល្លាចំនួន ៧០០ ដុល្លារ គ្រឿងអលង្ការ មាសប្លាទីនមួយចំនួន , និងសំភារៈផ្សេងៗមួយចំនួនទៀត គិតជាលុយទាំង៣ផ្ទះរាប់ម៉ឺនដុល្លារឯណោះ ៕ សហការី


ចែករំលែក៖