ព្រះវិហារៈ កម្ទេចអណ្តាតភ្លើងឆេះព្រៃ ហោះបើុងចំផ្ទះប្រជាពលរដ្ឋ១ខ្នង បណ្តាលឲ្យឆេះម៉ត់ កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្តបានឲ្យដឹងថា ប្រជាពលរដ្ឋ១ខ្នង ដែលមានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត សង់អំពីឈើប្រក់ស្បូវ រួមនឹងខ្ចុះទំហំ២ម៉ែត្រគុណនឹង២ម៉ែត្រ ចំនួន៥ខ្នង ដែលសង់អំពីឈើប្រកស្បូវ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង។
ប្រភពបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង្ស វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ អ៊ុ អូន អាយុ៣៧ឆ្នាំ មុខរបជាអ្នកលក់នំបាញ់ឆែវ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបានបន្តថា ករណីគ្រោះអគ្គិភ័យនេះ បានលេបត្របាក់មិនត្រឹមតែផ្ទះប៉ុណ្ណោះទេ រួមទាំងលុយដុល្លារចំនួន១មុឺនដុល្លារ, លុយបាត៧មុឺនបាត, លុយខ្មែរ១លានរៀល, មាស៨តម្លឹង និងគ្រឿងសង្ហារឹម សរុបគិតជាទឹកប្រាក់១មុឺនដុល្លារបន្ថែមទៀត។
អភិបាលស្រុកជាំក្សាន្តបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង គឺបង្កឡើងដោយសារភ្លើងឆេះព្រៃ ហើយខ្យល់បើុងរងើកភ្លើងហើរមកប៉ះនឹងដំបូលផ្ទះ ទើបបណ្តាលឲ្យឆេះតែម្តង។
ទាក់ទិននឹងគ្រោះអគ្គិភ័យនេះដែរ អជ្ញាធរមូលដ្ឋានបានយករថយន្តពន្លត់អគ្គិភ័យ២គ្រឿង ដោយប្រើប្រាស់ទឹក៥សុីទែន មកបាញ់ពន្លត់បានទាន់ពេលវេលា និងគ្រប់គ្រងស្ថានការណ៍បាន មិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋបន្តទៀតផងដែរ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក