ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសបញ្ជាក់ថា សហភាពអឺរ៉ុបពុំបានបិទទីផ្សារកម្ពុជាទេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានថ្លែងថា សហភាពអឺរ៉ុប(EU) ពុំមានការបិទទីផ្សារនាំចូលរបស់កម្ពុជានោះទេ ។

លោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំងនៅកម្ពុជាបានអះអាងថា សហភាព អឺរ៉ុបនឹងបិទទីផ្សារកម្ពុជាប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនព្រមដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិ ដំណើការឡើងវិញមិនព្រមរៀបចំការបោះឆ្នោតត្រឹមត្រូវដោយមានគណបក្សសង្គ្រោះ ជាតិចូលរួមផងដែរ ហើយមិនព្រមផ្តល់សេរីភាពពេញលេញជូនប្រជារាស្រ្តខ្មែរវិញ ។

ក្រោយពីលោក ប្រាក់ សុខុន ទេសរដ្ឋ មន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ចប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា នឹងARMACនាទីស្នាក់ការARMAC កាល ពីព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជុំ សុន្ទរី បាន ថ្លែងថា កម្ពុជានៅតែបន្តរក្សាទំនាក់ទំនងការបរទេសជាមួយបណ្តាប្រទេសដទៃទៀតនៅលើពិភពលោករាប់ទាំងសហភាពអឺរ៉ុបផងលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមកទេ ។

លោកបានបញ្ជាក់ថា «ខ្ញុំគិតថានៅពេល នេះវាដូចជាឆាប់ពេកនិយាយដល់ការបិទទីផ្សារ ព្រោះនៅក្នុងសេចក្តីសម្រេចក្នុងការ ប្រជុំរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបក៏មិនទាន់បាននិយាយលើរឿងហ្នឹងដែរអត់ទាន់មានការសម្រេចណាបិទទីផ្សារអត់ទាន់ មានទេ» ។

ជាមួយគ្នានេះអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបានហៅការដាក់ឱសាន វាទរបស់ក្រុមប្រឹក្សាសហសភាពអឺរ៉ុបមកលើកម្ពុជាគ្មានប្រសិទ្ធិភាព ព្រោះរំលោភ ដែនអធិបតេយ្យកម្ពុជា ។

ការលើកឡើងរបស់មន្ត្រីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជានេះបន្ទាប់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះ ជាតិ បានអះអាងថា សហភាពអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម (ពិនិត្យឡើងវិញពីការទិញទំនិញពីប្រទេសកម្ពុជា) បើ រដ្ឋាភិបាលកម្ពុជាមិនដោះលែងលោក កឹម សុខា មិនឲ្យគណបក្សសង្គ្រោះជាតិដំណើរ ការឡើងវិញ មិនព្រមរៀបចំការបោះឆ្នោត ត្រឹមត្រូវដោយមានគណបក្សសង្គ្រោះជាតិចូលរួមផងដែរ ហើយមិនព្រមផ្តល់សេរី ភាពពេញលេញជូនប្រជារាស្រ្តខ្មែរវិញ។

លោក សម រង្ស៊ី បានសរសេរលើ បណ្តាញសង្គមថា សហភាពអឺរ៉ុបព្រមានដាក់ទណ្ឌកម្ពុជាផ្នែកពាណិជ្ជកម្មលើកម្ពុជា បើរាជរដ្ឋាភិបាលមិនដោះលែងលោក កឹម សុខា និងឲ្យគណបក្សសង្គ្រោះជាតិចូល រួមបោះឆ្នោតព្រមទាំងផ្តល់សេរីភាពចេញជូនរាស្ត្រខ្មែរវិញ។ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកជាទីផ្សារធំជាងគេបំផុត សម្រាប់សម្លៀកបំពាក់ផលិតនៅប្រទេសកម្ពុជា ។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅពេល ថ្មីៗនេះក្រុមប្រឹក្សាកិច្ចការបរទេសនៃសហគមន៍អឺរ៉ុបបានសន្និដ្ឋានដោយលំអៀងថា សភាពការណ៍នយោបាយនៅកម្ពុជា មាន លក្ខណៈគួរឲ្យព្រួយបារម្ភ និងលទ្ធិប្រជា ធិបតេយ្យធ្លាក់ចុះដុនដាប ។

លោកបានបន្តថា ផ្អែកលើការសន្និដ្ឋានបែបអវិជ្ជាមាននេះក្រុមប្រឹក្សាសហគមន៍ អឺរ៉ុបនេះបានទាមទារបញ្ហាមួយចំនួនឲ្យ រាជរដ្ឋាភិបាលកម្ពុជាអនុវត្តតាមការទាមទារឲ្យដោះលែង កឹម សុខា ដែលបានប្រព្រឹត្ត បទល្មើសសន្និដ្ឋិភាពជាមួយបរទេសដែល ជាទោសក្បត់ជាតិមិនអាចទៅរួចទេ។ អភ័យឯកសិទ្ធិសភាមិនអាចការពារ កឹម សុខា បានទេនៅពេលដែលសាមីជនប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌជាក់ស្តែងកុំយកអភ័យឯកសិទ្ធិមកនិយាយទៀត អត់បានទេ។ ការចង់ឲ្យអតីតបក្សប្រឆាំងដែលត្រូវបាន រំលាយរួចហើយដោយតុលាការកំពូលក៏មិនអាចទទួលយកបានជាដាច់ខាតដែរដោយសារក្រុមមេដឹកនាំបក្សនេះបានប្រព្រឹត្តល្មើស ច្បាប់ស្តីពីគណបក្សនយោបាយដែល ប្រឈមការរំលាយចោលតាមផ្លូវច្បាប់ ។

លោក សុខ ឥសាន បានបន្ថែមថា ការដែលថាមានការរំលោភសិទ្ធិមនុស្សនោះ នៅកម្ពុជាគ្មានការរំលោភដូចការសន្និដ្ឋាននោះទេ។ ផ្ទុយទៅវិញការចាត់វិធានការផ្លូវច្បាប់លើជននិងក្រុមជនរំលោភច្បាប់គឺជា ការពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះ។ លោកថ្លែង ថា នៅលើលោកនេះតើមានប្រទេសណា លើកលែងការអនុវត្តច្បាប់ចំពោះជនរំលោភច្បាប់? ការទាមទារមិនឲ្យប្រើប្រព័ន្ធយុត្តិធម៌មកលើក្រុមប្រឆាំងនេះក៏ជាការមិនត្រឹមត្រូវដែរច្បាប់ត្រូវអនុវត្តលើគ្រប់ជនល្មើសច្បាប់ដោយមិនប្រកាន់ថា ជាប្រឆាំងឬមិន ប្រឆាំងទេតែប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ស្មើៗគ្នា ។

លោក សុខ ឥសាន បានហៅសេចក្តីព្រមានរបស់សហភាពអឺរ៉ុបមកលើកម្ពុជាថា ចំពោះសេចក្តីសម្រេចរបស់អង្គប្រជុំ របស់ក្រុមប្រឹក្សានេះជាការគួរឲ្យហួសចិត្តណាស់ដែលការងារចំពោះមុខច្រើនរាប់មិនអស់នៅសហគមន៍អឺរ៉ុប មិនដោះស្រាយ បែរជាក្រុមប្រឹក្សាយកបញ្ហាកម្ពុជាមកដោះស្រាយខុសមុខសញ្ញាទៅវិញ។ នេះជាការ លូកចូលកិច្ចការផ្ទៃក្នុងកម្ពុជាដែលជា ប្រទេសឯករាជ្យ និងអធិបតេយ្យមួយទទួល ស្គាល់និងជាសមាជិក អ.ស.ប. ។

លោកបានបញ្ជាក់ថា ការអនុវត្តច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាជាសិទ្ធិ និងភារកិច្ចរបស់រាជរដ្ឋាភិបាលនៃគណបក្សឈ្នះឆ្នោតនៅកម្ពុជាប្របកដោយឯករាជ្យ និង មានអធិបតេយ្យរបស់កម្ពុជា។ ការដោះ លែងជនក្បត់ជាតិ ការឲ្យអតីតបក្សប្រឆាំង និងក្រុមមន្ត្រី១១៨ រូបបានរស់ឡើងវិញ និងបានធ្វើនយោបាយឡើងវិញគឺគ្មានទេ ដោយសារច្បាប់កម្ពុជាបានសម្រេចជា ស្ថាពររួចហើយ ៕ ហេង សូរិយា


ចែករំលែក៖