ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបានឃាត់ខ្លួនបុរសម្នាក់ដែលបន្លំខ្លួនធ្វើជាអ្នកសុំទានបោកប្រាស់ប្រជាពលរដ្ឋកាលពីថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវលេខ៣៧១ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង១០នាទីរសៀលកម្លាំងជំនាញ កងរាជអាវុធហត្ថខណ្ឌមានជ័យបានធ្វើ ដំណើរនៅលើផ្លូវលេខ៣៧១ស្រាប់តែ ប្រទះឃើញបុរសម្នាក់ខាងលើកំពុងដេកផ្កាប់មុខលើរទេះរុញនៅលើដងផ្លូវកំពុងតែសុំទាន។ ដោយសង្កេតឃើញកាយសម្បទា (ដៃ ជើង ខ្លួនប្រាណ)នៅមានលក្ខណៈ ប្រក្រតីកម្លាំងកងរាជអាវុធហត្ថក៏បានរាយការណ៍ទៅខាងការិយាល័យប្រឆាំងការ ជូញដូរ មនុស្សនិងការពារអនីតិជនចុះមកនាំខ្លួនយកទៅសាកសួរ ។
អ្នកសុំទានបោកប្រាស់នោះឈ្មោះ ព្រាប ជា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ សុំទាន និងមានទីលំនៅមិនពិតប្រាកដ ដោយសង្ស័យក្លែងបន្លំធ្វើពិការដើម្បីដើរសុំទាន ។
សូមជម្រាបថា នេះជាលើកទី២ហើយដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញបានដឹកនាំ កម្លាំងចុះ បង្រ្កាបផ្ទាល់។ កន្លងទៅលោកបានលើក ឡើងថា របរសុំទានទាំងនេះគឺកើតចេញពីភាពខ្ជិលច្រអូសប៉ុណ្ណោះ ហើយវាបានបង្ក ភាពអនាធិបតេយ្យរញ៉េរញ៉ៃ បាត់សណ្តាប់ធ្នាប់សង្គមនិងអាចបង្កប់បទល្មើស និងការ បោកប្រាស់ជាច្រើនរូបភាពទៀត ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់លើកឡើងថា ជាក់ស្តែងក្រុមអ្នកដើរសុំទានដែលកងរាជអាវុធហត្ថរាជធានី ភ្នំពេញធ្លាប់បានបង្ក្រាបពាក់ព័ន្ធបទល្មើស និងការបោកប្រាស់រួមមាន៖
១-អ្នកសុំទានបន្លំលួចទ្រព្យសម្បត្តិអ្នកដទៃ (បង្ក្រាបថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧)។
២-អ្នកសុំទានកេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារ៧នាក់ដោយខុសច្បាប់ ប្រើទារុណកម្មបង្ខំឲ្យកុមារដើរសុំទាន ដោយមិនឲ្យកុមារចូលរៀន និងមិនឲ្យ អាហារទទួលទានបានគ្រប់គ្រាន់ (បង្ក្រាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ។
៣-ឪពុកម្តាយចឹញ្ចឹមកូន៥នាក់ទុកជា ទាសករ និងជាឧបករណ៍រកលុយតាមរយៈ ការដើរសុំទាន(បង្ក្រាបថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧) ។
៤-មេខ្លោងប្រមូលលុយពីអ្នកសុំទាន ជារៀងរាល់ថ្ងៃដោយក្នុង១ថ្ងៃអ្នកសុំទានម្នាក់ត្រូវបង់លុយចាប់ពី១ម៉ឺនទៅ១ម៉ឺន២ពាន់រៀល (បង្ក្រាបថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៧) ។
៥-អ្នកសុំទានដែលមានកាយសម្បទានិងកម្លាំងពេញលេញតែដើរបោកប្រាស់ មហាជនថាជាកម្មករទើបមកពីប្រទេសថៃ អត់លុយហូបបាយ និងអត់លុយជិះរថយន្ត ឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ(បង្ក្រាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧)។
៦-អ្នកសុំទានបានលុយទិញថ្នាំញៀនជក់នៅកណ្តាលសួនច្បារទីសាធារណៈ (បង្ក្រាបថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨) ។
៧-អ្នកសុំទានមានដៃជើងគ្រប់ទាំង អស់តែក្លែងជាពិការដើរសុំទាន និងញៀន ថ្នាំ (បង្ក្រាប ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨)។
៨-អ្នកសុំទានមានកាយសម្បទា និង កម្លាំងពេញលេញសាច់ដុំរឹងមាំដូចកីឡាកាសតែក្លែងជាពិការវារលើដីដូចអណ្តើក បោកប្រាស់ក្តីមេត្តាមហាជន(បង្ក្រាបថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨)ជាដើម ៕ ហេង សូរិយា