ឧត្តរមានជ័យ ៖ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពបោកគ្រាប់បែកកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នាវេលាម៉ោង១០យប់ នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទកន្លងទៅថ្មីៗនេះ មកដល់ពេលនេះត្រូវនគរបាលខេត្តឧត្តមានជ័យចាប់បានហើយ បន្ទាប់ពីបានគេចខ្លួនអស់រយៈពេលច្រើនថ្ងៃ ។
នគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីកលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់ផែនការ និងបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ឲ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃស្នង ការដ្ឋាននគរបាលខេត្ត ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីខាងលើ រហូតដល់បានកំណត់មុខសញ្ញាសង្ស័យ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពី ថ្ងៃ ព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៨។
ជនសង្ស័យមានឈ្មោះ វ៉ាន់ តឿ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងការចុះបង្ក្រាបនេះផងដែរ កម្លាំងជំនាញបានចុះឆែកឆេរផ្ទះជនសង្ស័យ រកឃើញគ្រាប់បែកដៃលាក់ទុកចំនួន១គ្រាប់ កាំភ្លើងកែច្នៃចំនួន០១ដើម និងរំសេវពណ៌ខ្មៅសម្រាប់ច្នៃគ្រាប់១ ដប(M១៥០ ទម្ងន់ ១០ក្រាម) ។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តតាមនីតិវិធី ៕ សហការី