ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែចែកចាយស្រាបៀរហ្គេនស៍បឺគរងការចោទថាប្រើហិង្សា និងគំរាមសម្លាប់ប្រពន្ធកូន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រឿងមួយកំពុង ល្បីពេញបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយបន្ទាប់ពីថៅកែតំណាងចែកចាយស្រាបៀរហ្គេនស៍បឺគ(Ganzberg)ដ៏ធំប្រចាំ ខេត្តបន្ទាយមានជ័យបានប្រើអំពើហិង្សាដោយការវាយដំ ទាត់ធាក់ និងគំរាមសម្លាប់ ប្រពន្ធកូន។ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ របស់ថៅកែរូបនេះបានអំពាវនាវសុំឲ្យ អាជ្ញាធរ និងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជាបន្ទាន់តាមរយៈវីដេអូបង្ហោះតាមហ្វេសប៊ុកចេញពីក្នុងបន្ទប់ផ្ទះរបស់ខ្លួន ។

ស្ត្រីម្នាក់ដែលមានកូន២ក្នុងបន្ទុកបាននិយាយរៀបរាប់ទាំងទឹកភ្នែកតាមរយៈវីដេអូឃ្លីបកាលពីយប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវ នឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ក្នុងសភាពហើមខៀវភ្នែកនិងបែកមាត់រួមទាំងសម្រែកយំដៃកាន់កូនតូចផងថា នាងឈ្មោះ សៀង សុវណ្ណារី ត្រូវជាប្រពន្ធថៅកែតំណាងចែកចាយស្រាបៀរហ្គេនស៍បឺគប្រចាំខេត្តបន្ទាយមានជ័យឈ្មោះ ថែម ហ៊ាង។ នាងត្រូវបានប្តីប្រើអំពើហិង្សាដោយ ការដាល់ទាត់ធាក់ មកលើនាងបណ្តាលឲ្យបែកមាត់និងខៀវភ្នែករងរបួសជាទម្ងន់។

ស្ត្រីខាងលើបានបន្តទៀតថា បន្ទាប់ពី កើតអំពើហិង្សានេះនាងបាននាំកូនរត់គេចពីប្ដីចូលក្នុងបន្ទប់ចាក់សោជាប់ខ្លាចក្រែងប្តីសម្លាប់នាង ហើយឡាយវីដេអូស្នើសុំឲ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជួយចែករំលែក (Share) និងរាយការណ៍ទៅសមត្ថ កិច្ចក៏ដូចជាអាជ្ញាធរមកផ្ទះរបស់ខ្លួនដើម្បីជួយនាងព្រោះនាង និងកូនមិនអាចចេញពី បន្ទាប់បានទេ ដោយខ្លាចប្តីនាងសម្លាប់ ចោល។ ផ្ទះរបស់នាងស្ថិតនៅតាមផ្លូវលេខ៣ជាផ្ទះចែកចាយស្រាបៀរហ្គេនស៍បឺគជាប់ នឹងអគ្គិសនីកម្ពុជាខេត្តបន្ទាយមានជ័យ។

ស្ត្រីដដែលបានបញ្ជាក់ថា នាងស្រឡាញ់ ប្ដីខ្លាំងណាស់ ប៉ុន្តែចុងក្រោយនេះមិនដឹងយ៉ាងម៉េចប្ដីនាងបានប្រើហិង្សាលើនាងដូច បាល់អ៊ីចឹងបើពុំមានអ្នកមកអន្តរាគមន៍ទេ ប្ដីនាងអាចនឹងសម្លាប់នាង និងកូនទាំង២ ចោលមិនខាន ព្រោះឥឡូវនេះប្ដីកំពុងគំរាម សម្លាប់។ បច្ចុប្បន្ននាងកំពុងមានជំងឺមហារីកឈាមសស៊ីឈាមក្រហមមិនគួរណាប្ដី របស់នាងមិនអើពើបែរជាប្រើអំពើហិង្សា មកលើនាងបែបនេះនោះទេ ។

បន្ទាប់ពីស្ត្រីជាប្រពន្ធថៅកែតំណាង ចែកចាយស្រាបៀរហ្គេនស៍បឺគដ៏ធំប្រចាំខេត្តបន្ទាយមានជ័យរងអំពើហិង្សាគំរាមសម្លាប់ពីសំណាក់ប្ដី និងបង្ហោះវីដេអូជា សាធារណៈបានធ្វើឲ្យមជ្ឈដ្ឋានមហាជនរិះគន់យ៉ាងខ្លាំង។ មហាជនរិះគន់ថា ការប្រើអំពើហិង្សាក្នុងគ្រួសារពីសំណាក់ប្ដីរូបនេះ ជាទង្វើដែលសង្គមស្អប់ខ្ពើមបំផុត។ អ្នកខ្លះ ថាបើជីវភាពគ្រួសារក្រីក្រមិនថាទេ ប៉ុន្តែ នេះជាថៅកែអ្នកមានមុខមាត់មានទ្រព្យ រៀនបានខ្ពង់ខ្ពស់បែរជាយកអំពើហិង្សាធ្វើជាដំណោះស្រាយទៅវិញ ។

អ្នកលេងហ្វេសប៊ុកខ្លះទៀតបានបញ្ចេញយោបល់ថា «ជួយពិចារណាចុះរឿងពិត ដែលគួរឈ្វេងយល់ទាំងអស់គ្នាក្នុងសង្គមយើង មានលុយកាក់ មិនប្រាកដថា មានក្ដី សុខ សុភមង្គលនោះទេ បើមនុស្សគ្មានធម៌ ក្នុងខ្លួន ស្រលាញ់ថ្នាក់ថ្នម ផ្អែមល្ហែមនៅពេលដែលគ្នានៅមានសម្រស់ស្រស់ស្អាត ពេលគ្នាមានកូន២-៣ ស្រលាញ់ដូចបាល់ ខ្ញុំជាបុរសដែរសូមថ្កោសទោស និងស្អប់ ខ្ពើមបំផុតរឿងប្រើអំពើហិង្សាលើគ្រួសារ ពិសេសស្ដ្រីភេទតែម្ដង។ លក់ស្រាច្រើនផឹក ច្រើនពេកឆ្កួតបែកគំនិតវ៉ៃប្រពន្ធកូនផ្អើលពេញហ្វេសប៊ុក។ មើលមុខគាត់ទៅ ប្រពន្ធ ថៅកែស្រាចង់ឡូយចង់បានប្ដីអ្នកមាន លទ្ធផលហើមភ្នែកហើមមុខអ៊ីចឹងឯង»។

បើទោះជាយ៉ាងណាក៏ដោយរហូតមក ទល់នឹងរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៨ ដើមចមនៃអំពើហិង្សា និងគំរាមសម្លាប់ប្រពន្ធកូនពីសំណាក់ តំណាងចែកចាយស្រាបៀរហ្គេនស៍បឺគដ៏ធំប្រចាំខេត្តជាប់ព្រំដែននេះមិនត្រូវបាន បកស្រាយឲ្យមហាជនដឹងច្បាស់នៅឡើយ ទេ ពីព្រោះមិនអាចទាក់ទងសុំការពន្យល់ ពីជនបង្កនោះបាន ៕ ហេង សូរិយា


ចែករំលែក៖