ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនតាមរយៈការស្រាវជ្រាវស៊ើបអង្កេតពីកាមរ៉ាសុវត្ថិភាពរបស់ម្ចាស់រថយន្ត ដែលបានបំពាក់នៅខាងមុខផ្ទះក្រោយពីពួកគេធ្វើសកម្មភាពលួចរថយន្ត១គ្រឿងបានសម្រេចនៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ កាលពីវេលាម៉ោង១និង៤០នាទីយប់ ឈានចូលថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ។
ការបង្រ្កាបចាប់ខ្លួនជនសង្ស័យនិងដកហូតបានរថយន្តមកវិញ ក្រោមការអនុវត្តតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងនោះបានដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ខែម សោភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថាៈជនសង្ស័យទាំង២នាក់រងការចាប់ខ្លួនមានឈ្មោះ ១,អ៊ុន ចំរើន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ប្រកបមុខជាងជួសជុលរថយន្ត ២,ប៊ិន រក្សា ហៅ ណុប ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោកស្នងការរងប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុម្ចាស់រថយន្តមានឈ្មោះម៉ាច រដ្ឋា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ បានយករថយន្តម៉ាកកាមរីពណ៌ស ស៊េរី ឆ្នាំ១៩៩៧ ចតទុកចោលនៅខាងមុខផ្ទះ ។ បន្ទាប់មកជនសង្ស័យ៣នាក់ ពួកគេជាជាងជួសជុលរថយន្តនៅក្បែរផ្ទះម្ចាស់រថយន្តរងគ្រោះ បានជិះម៉ូតូ១គ្រឿង មកចាក់សោរទ្វាររថយន្ត ហើយ ក៏បើកចេញយកទៅបាត់ ខណៈ ដែលម្ចាស់ផ្ទះដេកលង់លក់ ។ ក្រោយពីជនសង្ស័យលួចរថយន្តនោះហើយ ម្ចាស់ផ្ទះក្រោកឡើងមិនឃើញរថយន្តក៏នាំគ្នាឆោឡោប្តឹងសមត្ថកិច្ចឲ្យជួយរករថយន្តរបស់ខ្លួន ។ កម្លាំងនគរបាលក៏បានបើកការស្រាវជ្រាវស៊ើបអង្កេតនិងកំណត់បានមុខសញ្ញាជនសង្ស័យតាមរយៈកាមរ៉ាសុវត្ថិភាព ។ ទើបនៅល្ងាចថ្ងៃដ ដែល កម្លាំងនគរបាលក៏បានចាប់ខ្លួនពួកគេបាន២នាក់និងម្នាក់ទៀតរត់គេចខ្លួន ខណៈ ដែលជនសង្ស័យបានជិះរថយន្តដើរផឹកស៊ី ចូលហាង នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ ។
លោកស្នងការរងបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាលួចរថយន្តនោះប្រាកមែនគឺគេប៉ងលួចយូរហើយឃើញម្ចាស់ផ្ទះទុកនៅខាងមុខផ្ទះ ។ រថយន្តនោះគេលួចទៅក្នុងបំណងទុកជិះដើរលេងផឹកស៊ីប៉ុណ្ណោះ ។ ជនសង្ស័យ២នាក់នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ដោយឡែករថយន្តមួយគ្រឿងនោះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តក៏បានប្រគល់ឲ្យម្ចាស់ដើមវិញ ។ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត១លានរៀលជូនដល់កម្លាំងនគរបាល ដែលបានបំពេញកិច្ចការងារបំបែកសំណុំរឿងអំពើលួចរថយន្តនៅក្រុងសិរីសោភ័ណ ។
សូមបញ្ជាក់ថា នៅក្រុងសិរីសោភ័ណ មាន២ករណីហើយ ដែលមានអំពើលួចគាស់យករថយន្តចំនួន២គ្រឿង ។ ប៉ុន្តែរាល់សម្មភាព នៃការលួចរថយន្តរបស់ប្រជាពលរដ្ឋត្រូវបានរងការបង្រ្កាបពីកម្លាំងនគរបាលទាំង២ករណី ៕ សំ វិច្ឆិកា