(បាត់ដំបង)៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ចំនួន៥គ្រាប់ នៅមុខផ្ទះស្រ្តីឈ្មោះ ព្រឿន ចរិយ៉ា ហៅ យ៉ា អាយុ៣២ឆ្នាំ មុខរបរ មុខរបរមេការខារ៉ាអូខេ នៅត្រង់ចំណុចក្រុមទី២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នាយប់រំលងអាធ្រាត្រចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
ចំពោះការបាញ់ប្រហារខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ និងក៏មិនទាន់ស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យដែរ។
របាយការណ៍របស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា «នៅវេលាម៉ោង០០៖៥៨នាទី ចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅមុខផ្ទះម្ចាស់ឈ្មោះ ព្រឿន ចរិយ៉ា ហៅយ៉ាអាយុ៣២ឆ្នាំ មុខរបរមេការខារ៉ាអូខេ មានករណីបង្កសំឡេងផ្ទុះ១លើក បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់អាវុធខ្លី (មិនស្គាល់ម៉ាក) បានបាញ់ចំនួន៥គ្រាប់ ដោយបន្សល់ទុកនូវសំបកគ្រាប់ចំនួន0៥ គ្រាប់នៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុរួច ជនបង្កគេចខ្លួនបាត់»។
នៅពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីតាមចាប់ជនល្មើស៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក