ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ចូនជិតដល់មន្ទីពេទ្យ និងយុវជន២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ព្រោះតែជិះម៉ូតូគេចពីជនអន្តិពាលដេញវាយ មកបុកជាមួយម៉ូតូជនរងគ្រោះនៅផ្លូវបំបែកជាបួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលម៉ោងរំលងអាធ្រាត ឈានចូលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខហាងនំប័ុង សេហាស់ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវលេខ107 ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ7មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមានឈ្មោះ ហុង គឹមហៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែភ្នៅ និងមានស្រុកកំណើតនៅស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FY-5337 ហើយឌុបយុវជនម្នាក់នៅពីក្រោយបានរងរបួសស្រាល ។ ចំណែកភាគីម្ខាងទៀតជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-3169 ជិះតែម្នាក់បានរងរបួសធ្ងន់។
បើតាមសម្ដីយុវជនម្នាក់ដែលរងរបួសស្រាល និងបានជួបក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺមានម៉ូតូធំមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខ បានជិះដេញវាយពួកគាត់ទាំង២នាក់ ធ្វើឲ្យពួកគាត់ទាំង២ ភ័យស្លន់ស្លោ ជិះម៉ូតូឌុបគ្នាយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ107 ទិសដៅពីត្បូងមកជើងយ៉ាងលឿនដូចហោះ និងមិនបានប្រយ័ត្នផងរួមទាំងស្របពេលយុវជនម្នាក់កំពុងជិះម៉ូតូហុងដាវ៉េវម្នាក់ឯង តាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិច និងបានឆ្លងផ្លូវលេខ107នេះ ក៏បានបុកចំក្បាលម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូបង្កដែលគេដេញវាយ បានដួលបោកក្បាលនិងចញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតពេលរថយន្តសង្គ្រោះបន្ទាន់ដឹកបានពាក់កណ្ដាលផ្លូវ រីឯអ្នកជិះម៉ូតូបង្កពីក្រោយ បានរងរបួសស្រាល ។ ដោយឡែកភាគីខាងម៉ូតូវ៉េវ ដែលកំពង់ជិះឆ្លងផ្លូវ ក៏បានរងរបួសធ្ងន់ផងដែរ ។
ក្រោយកើតហេតុភ្លាមៗ យុវជនរងគ្រោះទាំង៣នាក់ខាងលើត្រូវបានរថយន្តសាមុយដឹកយកទៅជួយសង្គ្រោះភ្លាមៗ តែអកុសលមានយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ចូនជិតដល់មន្ទីពេទ្យ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចខាងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ7មករា រងចាំដោះស្រាយពេលក្រោយ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើឯកសារប្រគល់សពទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ