ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហាយឡែនឌ័របើកបុកហ្វូងក្របីរបួសបាក់ជើងមួយក្បាល ងាប់មួយក្បាលនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿង បានបើកទៅបុកហ្វូងក្របីកំពុងរត់ឆ្លងផ្លូវបណ្ដាលឲ្យងាប់មួយក្បាលនិងមួយក្បាលទៀតបាក់ជើង ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខហាងនំប៉័ង នាគរាជ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយ ចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកហាយឡែនឌ័រ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AM-9843 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ទិសដៅពីជើងទៅត្បូង (ពីខេត្តចូលភ្នំពេញ) ក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុស្រាប់តែមានហ្វូងក្របីមួយហ្វូងប្រហែលជា៥ទៅ៦ក្បាលរត់ឆ្លងផ្លូវធ្វើឲ្យម្ចាស់រថយន្ដចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យក្របីមួយក្បាលងាប់ភ្លាមៗនិងមួយក្បាលទៀតរងរបួសបាក់ជើង។

ក្រោយពីកើតហេតុ ម្ចាស់រថយន្ដបានសុំឲ្យខាងកម្លាំងសមត្ថកិច្ចជួយរកម្ចាស់ក្របីដើម្បីចេញមុខមកដោះស្រាយគ្នា តែសមត្ថកិច្ចក៏មិនស្គាល់ម្ចាស់ក្របីដែរហើយម្ចាស់រថយន្ដបានត្រឹមតែហៅរថយន្ដស្ទួចមកស្ទួចរថយន្ដទៅជួសជុលដោយខ្លួនឯងប៉ណ្ណោះ ៕ ជ្រាយពេជ្រ


ចែករំលែក៖