ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសម្នាក់ពោរពេញទៅដោយឈាមក្រហមឆ្អៅ ស្រោចពេញខ្លួននៅក្បែរកង់ ១គ្រឿងផងនោះ សង្ស័យជាករណីឃាតកម្មបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផងដែរ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៤៥នាទី ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅក្បែរចិញ្ចើមផ្លូវចូលវត្តនាគកួច ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងចម្រុះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រៀម ផ្លូច ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ ។
ប្រភពខាងលើបន្តថា ក្រោយមានការភ្ញាក់ផ្អើលប្រទះឃើញសាកសពនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានសុំគោលការណ៍ថ្នាក់លើ ដើម្បីបង្កើតគណៈកម្មការចម្រុះមួយចុះស្រាវជ្រាវពិនិត្យជុំវិញកន្លែងកើតហេតុ និងលើខ្លួនប្រាណសាកសពតែម្ដង ក្រែងជាអំពើឃាតកម្មណាមួយបានកើតឡើងលើជនរងគ្រោះ លទ្ធផល៖ ជនរងគ្រោះមានស្នាមរបួសត្រង់ចំណុចបំពង់កផ្នែកខាងឆ្វេងធ្លុះដល់ឆ្អឹង បណ្ដាលឲ្យហូរឈាមច្រើនរួចស្លាប់នៅនឹងកន្លែងតែម្ដង នៅគ្រាដែលជិះកង់លឿនក្នុងស្ថានភាពស្រវឹងស្រា បណ្ដាលឲ្យដួលក៏ជង់មុតជាមួយចង្កូតដៃកង់ខ្លួនឯង ។ ជំនាញបានបញ្ជាក់ថា សាកសពជនរងគ្រោះបាត់បង់ជីវិតប្រហែល១០ម៉ោង មុនពេលដែលសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យធ្វើកោសល្យវិច្ច័យ ដូច្នេះ ជនរងគ្រោះអាចស្លាប់កាលពីយប់ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ។
ប្រភពដដែលបន្តទៀតថា ក្រោយគណៈកម្មការចម្រុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់រួចមក ហើយបានសន្និដ្ឋានដូចបានរៀបរាប់ខាងលើ បានប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាត់រួចរាល់ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន