ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១៤ឆ្នាំជិះម៉ូតូល្បឿនលឿនបុកអ្នកថ្មើជើងម្នាក់បណ្ដាលឲ្យទទួលរងរបួសធ្ងន់ទាំងពីរ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នកថ្មើរជើងនិងក្មេងប្រុសអាយុ១៤ជាអ្នកជិះម៉ូតូទទួលរងបួសធ្ងន់ទាំង២នាក់ បន្ទាប់ពីបុរសថ្មើរជើងដើរឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវក្មេងប្រុសអាយុ១៤ឆ្នាំជិះម៉ូតូដោយល្បឿលឿនបុកពេញមួយទំហឹង នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុជ គីមហេង ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកឯក្មេងប្រុសជាអ្នកជិះម៉ូតូឈ្មោះ ទ្រី វិជ្ជា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស រៀននៅអនុវិទ្យាល័យសំប៉ាន មានទីលំនៅភូមិសំប៉ានឃុំ កោះធំខ ស្រុកកោះធំ ខេត្តកណ្តាល ជិះម៉ូតូម៉ាកយ៉ាម៉ាហា ពាក់ស្លាកលេខ ព្រះសីហនុ ១D-4080 ពណ៌ខៀវលាយស ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ លុះមកដល់ចំណុចកើតហេតុបានឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ដោយពុំមើលឆ្វេងស្ដាំនោះទេ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ធ្វើដំណើរពីជើងទៅត្បួង ដោយល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានជ្រុលទៅបុកជនរងគ្រោះជាអ្នកថ្មើរជើងពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះនិងក្មេងប្រុសជិះម៉ូតូទទួលរងបួសធ្ងន់ទាំង២នាក់តែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង បុរសថ្មើរជើងរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារយកសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម រីក្មេងប្រុសរបួសធ្ងន់ជាអ្នកជិះម៉ូតូត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីខាងលើនេះគឺបណ្ដាលមកជនរងគ្រោះជាអ្នកថ្មើរជើង ដើរឆ្លងផ្លូវមិនប្រយ័ត្ន មិនមើលឆ្វេងមើលស្ដាំ រីក្មេងប្រុសជិះម៉ូតូវិញ ជិះមិនមើលស្ថានភាពផ្លូវ ជិះដោយល្បឿនលឿន ទើបបានជាមានរឿងហេតុបែបនេះកើតឡើង ៕ ស្អាងជ័យ


ចែករំលែក៖