ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នា២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី២០ ដែលបានរៀបចំធ្វើឡើងនៅ មជ្ឍមណ្ឌល កោះពេជ្រ រាជធានីភ្នំពេញ ដែលមានសិល្បៈករ សិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់។
ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ និងតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ការប្រារព្ធទិវាវប្បធម៌ជាតិ ក៏ជាការជំរុញ និងផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស ហើយនិងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរម្លឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ