ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារិ៍ ៥រោច ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី២០ ក្រោមប្រធានបទ “ យុវជន ដើម្បីវប្បធម៌ជាតិ ” និង ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស រួមទាំងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ប្រមាណជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានអបអរសាទរ និងកោតសរសើរចំពោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានរៀបចំអោយមានកម្មវិធីនេះឡើង ដើម្បីអភិរក្ស និងថែរក្សាសិល្បៈ និងបំផុសសេចក្តីស្រឡាញ់វប្បធម៌ជាតិ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តជួបជុំប្រចាំឆ្នាំជាមួយសិល្បករ និងសិល្បការនី ផងដែ។
ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំឮកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ការប្រារព្ធទិវាវប្បធម៌ជាតិនេះ ក៏ជាការជំរុញ និងផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស ហើយនិងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំឮក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិព្រមទាំងដើម្បីប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជាទៅជាព្រះរាជាណាចក្រនៃវប្បធម៌។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនក្នុងកិច្ចការពារថែរក្សា អភិរក្ស សម្បតិ្តវប្បធម៌ជាតិ ដែលក្នុងនោះត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរអោយបានត្រឹមត្រូវតាមរយៈការផ្ទេរមរតកអោយទៅអ្នកបន្តវេន រួមទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយត្រូវធ្វើការអោយបានស៊ីសង្វាក់គ្នាល្អទាំងការផ្ទេរ និងការទទួលសំដៅរួមគ្នាថែរក្សាការពារអត្តសញ្ញាណវប្បធម៌ជាតិអោយបានស្ថិតស្ថេរគង់វង្ស។ ត្រូវចូលរួមអភិរក្សដើម្បីអភិវឌ្ឍន៍ ពោលគឺរក្សាចាស់ បង្កើតថ្មី ប៉ុន្តែថ្មីត្រូវមានជាអត្តសញ្ញាណច្បាស់លាស់របស់ជាតិ។ ត្រូវចេះឆ្នៃប្រឌិតបង្កើតថ្មីក្នុងទម្រង់រចនាបទថ្មីរបស់ខ្មែរ។ ហេតុនេះត្រូវខិតខំបណ្តុះគ្រាប់ពូជនេះអោយបានរីកសាយភាយអោយបានកាន់តែច្រើនឡើង ជាពិសេសបង្កើតស្នាដៃថ្មីៗ ដែលជាស្នាដៃរបស់យើងផ្ទាល់ ចៀសវាងការលួចចម្លងទាំងដុលពីបរទេសដែលជាភាពអាម៉ាស់អាប់ឱនដល់កិត្យានុភាពជាតិ។ ម្យ៉ាងវិញទៀតបរិស្ថានវប្បធម៌ក្នុងចរន្តសាកលភាវូបនីយកម្មក្នុងសម័យបច្ចុប្បន្នដែលកំពុងហូរចូលយ៉ាងគំហ៊ុកពីគ្រប់ទិសទីដែលអាចជះឥទ្ធិពលអវិជ្ជមានមកលើយុវវ័យយើង។ ដូចច្នេះក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន និងមានវិធានការទប់ស្កាត់អោយមានប្រសិទ្ធភាពខ្ពស់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវផ្សព្វផ្សាយ និងបង្ហាញខ្លឹមសារពីការងារវប្បធម៌អោយបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋបានជ្រួតជ្រាប និងត្រូវអប់រំស្មារតីអោយកូនចៅចេះស្រលាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ជាតិ និងស្មារតីពលិកម្មក្នុងការថែរក្សាការពារជាតិមាតុភូមិជាតិយើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមអោយក្រសួងវប្បធម៌រៀបចំកម្មវិធីជួបជុំនេះជារៀងរាល់ឆ្នាំ ហើយបើកម្មវិធី៣មីនានេះប៉ះចំថ្ងៃសៅរ៍ ឬអាទិត្យត្រូវលើកទៅថ្ងៃផ្សេងវិញ ពីព្រោះទុកពេលអោយសិល្បករ សិល្បការនី គាត់ចេញសកម្មភាពសំដែងផ្សេងៗ ដែលភាគច្រើនគាត់ចេញសំដែងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដើម្បីបានរកកម្រៃផ្ទាល់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សិល្បករ សិល្បការនីទាំងអស់ដែលកន្លងមកតែងតែមានការគាំទ្រចំពោះ គណៈបក្សប្រជាជនកម្ពុជា ហើយ សម្តេចតេជោ នឹងនៅជាមួយសិល្បករ សិល្បការនី និងប្រជាពលរដ្ឋទាំងអស់មិនតិចជាង១០ឆ្នាំទៅមុខទៀត។ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករ សិល្បការនីក្នុងការបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកាឧបត្ថម្ភដល់ក្រុមសិល្បករទាំង ៤៥ ក្រុម ដោយក្នុង១ក្រុមទទួលបានថវិកា ៥លាន រៀល។
មុននឹងបិទកម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ក្មួយៗជ័យលាភីដែលមានស្នាដៃសិល្បៈឆ្នើមមកពីទូទាំងប្រទេស ព្រមទាំងជូនពរដល់មន្រ្តីក្រសួងវប្បធម៌ សាស្រ្តាចារ្យ វិរៈសិល្បករ សិល្បករ សិល្បការនី មរតកមនុស្សរស់ និងក្មួយៗយុវជន ដែលបានចូលរួមអភិរក្ស ថែរក្សា ការពារសិល្បៈប្រពៃណីទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិខ្មែរអោយនៅបានរស់គងវង្សសម្រាប់ខ្មែរគ្រប់ជំនាន់ដែលសក្តិសមជាព្រះរាជាណាចក្រនៃវប្បធម៍ពិតប្រាកដ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ