ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅឃុំលង្វែក ស្រុកកំពង់ត្រឡាចមានការព្រួយបារម្ភចំពោះរណ្តៅដីដែលជ្រៅៗយ៉ាងខ្លាំង ព្រោះថា នៅក្នុងរដូវភ្លៀងធ្លាក់ខាងមុខនេះទឹកនឹងចូលពេញរណ្តៅ ហើយពេលអ្នកបូមខ្សាច់ទាំងនោះចេញអស់ទៅបើសិនជាអ្នកបូមខ្សាច់ទាំងនោះមិនគោរពតាមការ កំណត់ក្នុងច្បាប់ឲ្យលើកទំនប់ធ្វើរបងនិង ដាក់ស្លាកសញ្ញាការពារទេនោះពិតជាមានគោក្របី ឬក្មេងៗក្នុងស្រុកធ្លាក់ចូលរណ្តៅដីលង់ទឹកស្លាប់មិនខានឡើយ ។
ការព្រួយបារម្ភរបស់ពលរដ្ឋបែបនេះ ដោយសារណ្តៅជីកដីបូមយកខ្សាច់ជ្រៅៗ ចំនួន៣កន្លែងនៅក្នុងភូមិអន្លង់ត្នោត ឃុំ លង្វែក ស្រុកកំពង់ត្រឡាចរបស់ក្រុមឈ្មួញ បូមខ្សាច់ដែលបានធ្វើអាជីវកម្មនេះជាយូរមកហើយបានបង្កជាក្តីព្រួយបារម្ភដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដែលអាចបង្កឲ្យមនុស្ស ឬសត្វគោក្របី ធ្លាក់លង់ទឹកស្លាប់និងងាប់នៅខែវស្សា ដោយពួកគាត់សំណូមពរដល់មន្ត្រីជំនាញមេត្តាជួយចុះទៅហាមឃាត់ និងទប់ស្កាត់ ផង ។
ប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់ត្នោត បានឲ្យដឹងថា ទីតាំងបូមខ្សាច់ខាងលើបានដំណើរការជាយូរខែណាស់មកហើយដោយពុំដែលឃើញមានសមត្ថកិច្ចណាចុះមកទប់ស្កាត់ឡើយមិនដឹងថាមានច្បាប់ ឬអត់នោះ ទេ។ ចំណែករថយន្តដឹកខ្សាច់បានមកដឹករាល់ថ្ងៃបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដូចជាធ្វើឲ្យខូចផ្លូវដីហុយ ទៅលើលំនៅឋានជាដើម ហើយរណ្តៅដី ដែលជីកយកខ្សាច់វិញមានជម្រៅជ្រៅៗបែបនេះខ្លាចបង្កឲ្យមានគ្រោះថ្នាក់ដល់ មនុស្ស និងសត្វលង់ទឹកទៀតផង ។
ពួកគាត់បានបញ្ជាក់ថា ក្នុងភូមិអន្លង់ ត្នោតនេះមានកន្លែងបូមខ្សាច់៣កន្លែង នៅមិនឆ្ងាយពីគ្នាទេដែលដឹកចេញលើផ្លូវក្រាលក្រួសតែមួយក្នុងភូមិ-ឃុំអាចបង្កឲ្យ ខូចខាតផ្លូវក្នុងភូមិ-ឃុំមិនខានឡើយដោយរថយន្តដឹកខ្សាច់ទាំងនោះបានប្រាប់ថា ពួកគេបានដឹកខ្សាច់នេះយកទៅលក់ឲ្យគេនៅព្រែកក្តាម ។
ករណីនេះលោក អ៊ុក រស់ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការជីកខ្សាច់នៅទីនោះមានច្បាប់២ កន្លែង ប៉ុន្តែក្នុងច្បាប់បានកំណត់ថា ការជីក ដីបូមយកខ្សាច់មិនឲ្យធំជាងផ្ទៃដី១ហិកតា នោះទេ និងមិនឲ្យជ្រៅលើសពី៥ម៉ែត្រ នោះឡើយ ហើយកន្លែងជីកនីមួយៗត្រូវលើកទំនប់ព័ទ្ធជុំវិញ និងធ្វើរបងការពារ ដាក់ស្លាកសញ្ញាដើម្បីការពារមនុស្សនិងសត្វកុំឲ្យលង់ទឹក ។
លោកបានបញ្ជាក់ថា កន្លងទៅមន្ត្រី របស់លោកបានចុះទៅពិនិត្យម្តងហើយ ពេលនេះលោកនឹងឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យជាថ្មីទៀត ហើយបើអ្នកបូមខ្សាច់ទាំងនោះប្រព្រឹត្តល្មើសនឹងការកំណត់ក្នុងច្បាប់មន្ទីរត្រូវផាកពិន័យតាមផ្លូវច្បាប់ ៕ ហេង សូរិយា