ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃមានតម្រុយខ្លះហើយករណីស្រី្តមេម៉ាយចងកសម្លាប់ខ្លួននៅខេត្តតាកែវ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបើកការស៊ើបអង្កេតរបស់នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ៥០ភាគរយសង្ស័យករណីឃាតកម្មចំពោះ អ្នកស្រី ចេវ សុវឌ្ឍនា ដោយយោងទៅតាម ហេតុផលការវិភាគលក្ខណៈមនុស្សចងកសម្លាប់ខ្លួនមានកន្លែងខ្លះមានចំណុចគួរឲ្យសង្ស័យ ។ ជាមួយគ្នានោះក៏លេចធ្លាយ ព័ត៌មានច្បាស់ការណ៍មកថា ការស្លាប់របស់ ស្រីស្រស់ខាងលើមានពាក់ព័ន្ឋជាមួយអ្នកធំម្នាក់នៅខេត្តតាកែវ ។

គួររំលឹកថា មន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨កន្លងទៅនេះបញ្ជាឲ្យចុះទៅបើកការស៊ើបអង្កេតឡើងវិញករណីស្រីស្អាតមេម៉ាយកូន៣ ចងកសម្លាប់ខ្លួននៅកណ្ដាលទីរួមខេត្តតាកែវ ។

មន្រ្តីនគរបាលខេត្តតាកែវ បានឲ្យដឹងថាគេឃើញមន្ត្រីនគរបាលមកពីក្រសួង មហាផ្ទៃ ដឹកនាំដោយលោក ប៉ុល រតនា​ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌបាន ចុះទៅកាន់ខេត្តតាកែវដោយជួបជាមួយ ស្នងការខេត្ត, អធិការក្រុងដូនកែវនិងមន្ត្រីសមត្ថកិច្ចជាច្រើនទៀតពាក់ព័ន្ធករណីស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ចងក សម្លាប់ខ្លួននៅក្នុងផ្ទះវីឡា ដែលខ្លួនជួលស្នាក់នៅជាមួយអ្នកបម្រើ ។

ការចុះទៅបើកការស៊ើបអង្កេតឡើង វិញនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យ ដឹងថា បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃរួចមក ។

លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានថ្លែងថា ពិតជាមានមន្ត្រីមកពីនាយកដ្ឋានព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃចុះមកសហការជាមួយ កម្លាំងរបស់លោកចុះទៅពិនិត្យទីតាំងកើតហេតុប្រាកដមែន(ផ្ទះស្ត្រី ចេវ សុវឌ្ឍនា ចងកសម្លាប់ខ្លួន)តែក្រោយពីពិនិត្យ ហើយ ក៏ត្រឡប់ទៅវិញបាត់អស់ទៅដោយលោកមិនដឹងពីគោលបំណងអ្វីទេ។

ប៉ុន្តែបើសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រោយកើតមានករណីស្ត្រីមេម៉ាយកូន៣ ចងកសម្លាប់ខ្លួនដោយគ្មានមូលហេតុ ច្បាស់លាស់ ដោយគេគ្រាន់តែធ្វើការសនិ្នដ្ឋានថា ករណីចងកសម្លាប់ខ្លួននេះគឺសង្ស័យមានវិបត្តិស្នេហារួចមកមានមតិមួយចំនួនបានដាក់ការសង្ស័យថា ករណីនេះអាចមិនមែនជាករណីចងកធ្វើអត្តឃាតនោះឡើយ សង្ស័យពាក់ព័ន្ធករណីអ្វីផ្សេងទៅវិញ ។

មិនតែប៉ុណ្ណោះអ្នកលេងហ្វេសប៊ុកមួយចំនួន ខណៈមើលឃើញសភាពសពបាន សន្និដ្ឋានថា បើចងកសម្លាប់ខ្លួនមែនដៃ សពច្បាស់ជាធ្លាក់ចុះក្រោមត្រង់ហើយមិនមែនដៃទាំងពីរកាន់ខ្សែនៅត្រង់កជាប់នោះទេ ហាក់ដូចជាមុនស្លាប់នាងព្យាយាមទាញខ្សែកុំឲ្យរឹតកហើយនៅក្បែរកន្លែងកើតហេតុមិនមានកំណល់ដើម្បីឡើងឈរទៀតផង ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា កាលពីយប់ម៉ោង១៩ និង ៣០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ សពអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានអ្នក បម្រើក្នុងផ្ទះប្រទះឃើញចងកនៅក្នុងបន្ទប់ដេក ដោយនាងបានធ្វើអត្តឃាតដោយ យកខ្សែវាំងននចងកទៅនឹងចម្រឹងបង្អួច នៅចំណុចភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ក្នុងផ្ទះជួលបើកអាជីវកម្មមួយកន្លែង។ បន្ទាប់ពីទទួលបានដំណឹងនេះ ភ្លាមកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ដូនកែវបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសពដោយបានរកឃើញថា ជនរង គ្រោះពិតជាបានយកខ្សែវាំងនន មាត់បង្អួចចងកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រនិងពីកន្លែងចងមកកមានប្រវែង៧០សង់ទីម៉ែត្រ ពីចុងជើងមកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ។ មូលហេតុដែលនាំឲ្យស្ត្រីរូបនេះ ចងកសម្លាប់ខ្លួនបន្សល់ទុកឲ្យកូនៗ៣នាក់នៅកំព្រាមិនទាន់មានការអះអាងឲ្យច្បាស់លាស់នោះទេ តែសមត្ថកិច្ចសង្ស័យថា មានវិបត្តិស្នេហា ព្រោះនៅក្នុងកាបូបយួរ ដៃស្ថិតនៅលើតុក្បែរជញ្ជាំងពីខាងកើតគ្រែដេកមានស្រោមសំបុត្រពណ៌គគរហែកដាច់ជាពីរផ្ទាំងមានសរសេររៀបរាប់រឿង វិបត្តិស្នេហាផ្ទាល់ខ្លួន ។

ទោះជាយ៉ាងនេះក្តីសាធារណជនបានដាក់ការសង្ស័យថា ការស្លាប់របស់នារី រងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ នេះជា «ឃាតកម្ម» មិនមែនជា «អត្តឃាត» នោះទេ បន្ទាប់ពីពួកគាត់សង្កេតទៅលើ ខ្សែវាំងននដែលចងនៅជាប់នឹង-ក របស់ នារីរងគ្រោះ។ តែយ៉ាងណាផ្នែកជំនាញ​របស់សមត្ថកិច្ចបានអះអាងរួច ហើយថា នេះពិតជាករណី «អត្តឃាត» ប្រាកដមែន។ ឥឡូវរឿងរ៉ាវពិតយ៉ាងណានោះគេនៅមិនទាន់ដឹងឡើយដ៏រាបណាលទ្ធផលស៊ើប អង្កេតឡើងវិញនៅមិនទាន់ចេញជាផ្លូវការនោះ ៕ ហេង សូរិយា


ចែករំលែក៖