ខេត្តកោះកុង ៖ ប្រជាពលរដ្ឋប្រមាណ៥០នាក់ប្រដាប់ដោយបដាបានប្រមូលផ្តុំ គ្នានៅត្រង់ចំណុចផ្លូវបំបែកចូលទៅកាន់រោងចក្រផលិតស្ករសរបស់ក្រុមហ៊ុនកោះកុងស៊ូហ្គើរ ស្ថិតក្នុងឃុំជីខក្រោម ស្រុក ស្រែអំបិល ខេត្តកោះកុង ដោយទាមទារឲ្យ អាជ្ញាធរជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន ។
មន្ត្រីនគរបាលដែលកំពុងឈរឃ្លាំ មើលការតវ៉ានេះបាននិយាយថា អ្នកតវ៉ាទាំងនេះគឺតំណាងឲ្យប្រជាពលរដ្ឋ១៧៥គ្រួសារដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គើរ។ ប្រជាពលរដ្ឋទាំង នោះបានចោទប្រកាន់ក្រុមហ៊ុនថា បាន យកដីពីពួកគាត់ដោយខុសច្បាប់ ។
អ្នកតវ៉ាទាំងនេះមកពីឃុំចំនួន៤ គឺឃុំ ជីខលើ, ជីខក្រោម, ដងពែង និងឃុំ កណ្តោល ស្រុកស្រែអំបិល ខេត្តកោះកុង។
មន្ត្រីរូបនេះបានឲ្យដឹងទៀតថា ពួកអ្នក តវ៉ានេះបានប្រមូលផ្តុំគ្នាបិទផ្លូវតាំងពីម៉ោង១០ព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៨ មិនឲ្យរថយន្តដឹកអំពៅ ចូលទៅកាន់រោងចក្រ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនកាត់ដីឲ្យពួកគេក្នុងមួយគ្រួសារ ទំហំ៣ហិកតា និងថវិកា១.៥០០ដុល្លារ ។
មន្ត្រីនគរបាលបានលើកឡើងថា លោកអភិបាលរងស្រុកស្រែអំបិលម្នាក់បានមកជួបប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែមិនអាចរក ដំណោះស្រាយបានឡើយ ៕ ហេង នរិន្ទ្រ