ភ្នំពេញ៖ នារីវ័យ១៧ឆ្នាំម្នាក់ ប្តឹងស្ត្រីជាអាជីវករផ្សារស្ទឹងមានជ័យថ្មី ពីបទឃាតកម្មគិតទុកជាមុន ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមីនា ដោយភ្ជាប់យកហេតុការណ៍ដែលស្ត្រីរូបនេះបានចាប់ច្របាច់កស្ទើរស្លាប់ស្ទើររស់ ។ នារីរងគ្រោះទាមទារសំណងជំងឺចិត្តពីជនសង្ស័យចំនួន៥ម៉ឺនដុល្លារអាមេរិកនិងសូមឱ្យតុលាការចាត់ការតាមច្បាប់។
នារីរងគ្រោះឈ្មោះ ឈាន សាម៉ី មានទីលំនៅផ្ទះជួលលេខ ០៤ ជាន់ទី២ ក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សុំប្តឹងជនមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល ៤០ ឆ្នាំជាង ជាម្ចាស់តូបលេខបេ ២១៧ និងលេខបេ២១៨ ស្ថិតនៅជាន់ទី១ ផ្សារស្ទឹងមានជ័យថ្មីពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តនៅចំណុចបន្ទប់ទឹកជាន់ទី ១ ផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយយោងតាម ភស្តុតាងជារូបថត និងវីដេអូស្តីពីសកម្មភាពរបស់ជនល្មើស ។
នារីរងគ្រោះ រៀបរាប់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨យប់ នាងខ្ញុំជាបុគ្គលិកលក់ដូរនៅក្នុងផ្សារស្ទឹងមានជ័យថ្មី បានចូលទៅបត់ដៃបត់ជើងក្នុងបន្ទប់ទឹកក្នុងផ្សារ ។ ក្រោយពីចេញពីបន្ទប់ទឹកភ្លាមមកស្រាប់តែមានស្ត្រីចំណាស់ម្នាក់មានមាឌធំដែលនាងខ្ញុំមិនដែលស្គាល់ទាល់តែសោះ ឈរនៅនឹងមុខបន្ទប់ទឹក បានមកច្រានស្មានាងខ្ញុំផ្តួលទៅនឹងឥដ្ឋ ហើយបានចាប់ក្បាលនាងខ្ញុំបោកទៅនឹងឥដ្ឋបណ្តាលឱ្យនាងខ្ញុំរយះគុម្ពត្រចៀកខាងស្តាំ ហូរឈាមយ៉ាងខ្លាំង ហើយស្ត្រីនោះក៏បានយកដងជូតឥដ្ឋធ្វើពីដែកយកមកសង្កត់លើបំពង់កនាងខ្ញុំយ៉ាងខ្លាំងក្នុងបំណងសម្លាប់នាងខ្ញុំតែម្តង ។
នៅពេលនោះនាងខ្ញុំឈឺថប់ដង្ហើមស្ទើរដាច់ខ្យល់ ហើយគាត់បានឡើងសង្កត់ជិះពីលើនាងខ្ញុំ ហើយបន្តចាប់ក្បាលនាងខ្ញុំបោកទៅនឹងឥដ្ឋបន្តទៀតជាច្រើនដង ហើយនាងខ្ញុំមិនអាចរើរួចព្រោះគាត់មានមាឌធំ ហើយពេលនោះនាងខ្ញុំពិបាកក្នុងខ្លួនរៀបតែនឹងដាច់ខ្យល់ស្លាប់ព្រោះពុំមានអ្នកណាមកជួយនាងខ្ញុំទេព្រោះអីនៅពេលនោះជាពេលយប់ផ្សារគេបិទតូបស្ទើរអស់ គ្មានភ្ញៀវចេញចូលនោះទេ ។ មួយសន្ទុះក្រោយមកទើបមានមនុស្សដើរចូលបានឃើញក៏ស្រែកឆោរឡោ ហើយក៏មានមនុស្សម្នាមករោមមើលនាងខ្ញុំដែលត្រូវគេប៉ុនប៉ងសម្លាប់ ហើយស្រាប់តែមានក្មេងប្រុសម្នាក់អាយុប្រហែលជាង ២០ បានមកដាល់មុខនាងខ្ញុំបន្ថែមទៀតជាច្រើនដៃ បណ្តាលឲ្យនាងខ្ញុំមានការឈឺចាប់ជាខ្លាំង វង្វេងវង្វាន់ ស្ទើរតែសន្លប់បាត់ស្មារតី ។
នៅពេលនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងការមន្ទីរពេទ្យដើម្បីសម្រាកព្យាបាល និងតាមដានពី ស្ថានភាពជំងឺ ព្រោះគ្រូពេទ្យតម្រូវឲ្យនៅបន្តសម្រាកព្រោះស្ថានភាពជំងឺមានភាពធ្ងន់ធ្ងរ ។ អំពើខាងលើរបស់ស្រ្តីមិនស្គាល់ឈ្មោះនេះ គឺមានចេតនាច្បាស់លាស់ និងមានគម្រោងការក្នុងការសម្លាប់នាងខ្ញុំចោលតែម្តង ដែលនាងខ្ញុំជាជនរងគ្រោះ និងជាអនីតិជនផង មិនអាចអត់ឪនឱ្យបានជាដាច់ខាត ៕ ចេស្តា