ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបើកបុកម៉ូតូរួចបន្តបុកបង្គោលភ្លើងបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហុីយ៉ានដាយមួយគ្រឿងបើកបរក្នុងល្បឿនលឿនហើយជ្រុលបុកម៉ូតូXRពីក្រោយពេញទំហឹងរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមកល់ជាប់ទៅមុខលែងរួច និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផែស្ងួតតេងឡាយ តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកXR ពណ៌ ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1CA 1166 ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B 0094 ធ្វើដំណើរក្នុងល្បឿនលឿន ក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតចម្ងាយប្រហែល៥ទៅ៦ម៉ែត្រ ហើយរថយន្តបង្កបានបន្តទៅបុក និងបង្គោលភ្លើងបាក់មួយដើមកល់ជាប់ទៅមុខលែងរួច និងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖