ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងប្រដៅគេ« មិនខំធ្វើការ ចាំតែបើកលុយស្រួល» មានអីគេវាយសន្លប់ស្តូក

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ខណៈផឹកស៊ីជួបជុំមិត្តភក្តិជាកម្មករសំណង់ដូចគ្នា តាំងពីល្ងាចរហូតដល់យប់ ធ្វើឲ្យកម្មករសំណង់ម្នាក់រងរបួសក្បាល និងខ្នង សន្លប់នៅនឹងកន្លែង ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយសារទាស់ពាក្យសម្តីគ្នាតិចតួចហើយត្រូវមិត្តភក្តិរួមការងារ ក៏ទាញយកដែកបំពង់ទីបវាយរងរបួស ។

ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ អង្គារ ៥ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានពីនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទិន រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មករសំណង់រស់នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅបាន រងរបួសក្បាល និងខ្នងសន្លប់នៅនឹងកន្លែង ។ ចំណែកជនដៃដល់ ទី១.ឈ្មោះ ផុន វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ទី២.ឈ្មោះ ផុន សឿត ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់ជាបងប្អូននឹងគ្នា និងជាកម្មករសំណង់ស្នាក់នៅធ្វើការជាមួយនឹងជនរងគ្រោះក្នុងភូមិកើតហេតុខាងលើ ។

នគរបាលស្រុកសាលាក្រៅឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យទាំង២នាក់បងប្អូនផឹកស៊ីជួបជុំគ្នា៣ទៅ៤នាក់នៅនឹងកន្លែងកើតហេតុដោយផឹក រហូតដល់យប់ជ្រៅបន្តិច ស្រាប់តែស្រវឹងរៀងៗខ្លួន ហើយជនរងគ្រោះតែងតែនិយាយរករឿងជនដៃដល់ជាប្អូន ដោយប្រាប់ថា ធ្វើការជាមួយគ្នាតែមិនខំប្រឹងប្រែង ដោយចាំតែបើកលុយស្រួលៗ។ ដោយទ្រាំនឹងសម្តីនេះ មិនបានពួកគេក៏ប្រតាយប្រតប់គ្នាហើយជនដៃដល់ជាបងឃើញដូច្នេះក៏ចូលមកជួយប្អូនរបស់ខ្លួន ដោយយកដំបងវាយជនរងគ្រោះ បណ្ដាលឲ្យដួលសន្លប់នៅ នឹងកន្លែងតែម្តង ។លុះរហូតដល់ម៉ោង៤និង៣០ទៀបភ្លឺ ទើបម្តាយជនរងគ្រោះបានទទួលទូរស័ព្ទពីអ្នកជិតខាងថាកូនត្រូវគេវាយសន្លប់ក៏ទៅដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង។ រីឯជនសង្ស័យទាំង២នាក់បងប្អូន ត្រូវបាននគរបាលចាប់ឃាត់ខ្លួននាំទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយតាមច្បាប់ពេលក្រោយ ៕ សហការី


ចែករំលែក៖