ភ្នំពេញ៖ អតីត Freshie Boy លេខ១ប្រចាំឆ្នាំ២០០៦លោក ថៃន រៈពិទូ ដែលជាប់ពាក់ព័ន្ធនឹងការណីគ្រឿងញៀនកាលពីចុងឆ្នាំ២០១៦បានបង្ហាញវត្តមានជាសាធារណៈ និងធ្វើឲ្យភ្ញាក់ផ្អើលអស់សិល្បករ ។ ការបង្ហាញវត្តមាននេះ ធ្វើឡើងកាលពីថ្ងៃទី៦ខែមីនាក្នុងកម្មវិធី “ទិវាវប្បធម៌ជាតិ៣មីនា” លើកទី២០ដែលបានរៀបចំធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញដែលមានសិល្បៈករសិល្បការិនីចូលរួមប្រមាណជិត៤ពាន់នាក់នោះ ។
បង្ហាញវត្តមានក្នុងកម្មវិធីខាងលើជាមួយឪពុកដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថៃ នរៈពិទូនៅតែទទួលបានការស្វាគមន៍រាក់ទាក់ពីអ្នកសិល្បៈរួមអាជីព ។ លោក ថៃ រនៈសត្យា ជាឪពុកបានបញ្ជាក់ថា កូនប្រុសលោកបានចេញពីពន្ធធនាគារចាប់តាំងពីថ្ងៃទី ១៩ខែមករាឆ្នាំ២០១៨មកក្រោយពីជាប់ឃុំអស់រយៈពេល១ឆ្នាំពាក់ព័ន្ធនឹងគ្រឿងញៀន។លោកបានបញ្ជាក់ថាកូនប្រុសលោកបានទទួលសេរីភាពវិញហើយក្រោយពីអនុវត្តតាមច្បាប់តុលាការរួចមក ហើយលោកមានសុទិដ្ឋិនិយមចំពោះកូនប្រុសថានឹងអាចដើរផ្លូវដ៏ត្រឹមត្រូវដើម្បីសាងជីវិតថ្មីក្រោយពីទទួលកំហុសខុសឆ្គងរបស់ខ្លួន។
លោកបន្តថា លោកលើកទឹកចិត្តកូនថាទីណាក៏ជាសាលារៀននៅទីនោះយើងចាត់ទុកថាជាកន្លែងលុតដំខ្លួនដែរ ហើយលោកសង្ឃឹមនិងកំពុងដឹកនាំកូនដើរវិថីទៅរកក្តីសង្ឃឹមថ្មីៗហើយលោកមិនបណ្ដោយឲ្យដើរលើផ្លូវខុសឆ្គងទៀតទេ។
គួរបញ្ជាក់ដែរថា អតីតតារាសម្តែង ថៃន រៈពិទូ និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០១៧នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោដឺសោនហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថាពួកគេបានផ្តប្រើប្រាស់រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម,ឧបករណ៍(ពុម្ភ)សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២,ថ្នាំអំពូលDiazepamចំនួន២អំពូល,ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕ វឌ្ឍនា