ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង ៨យប់ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨ នៅចំណុចមុខរោងចក្រក្រឡុកស៊ីម៉ង់ CPEC តាមបណ្ដោយផ្លូវជាតិលេខ ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះនៅទីតាំងខាងលើនេះ ក្រោមការបញ្ជាយ៉ាងមឺុនម៉ាត់របស់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហា សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ទើបនៅវេលាម៉ោងខាងលើនេះ លោកបានឲ្យចុះដឹកនាំកម្លាំងសរុបជាង ៣០នាក់ ក្នុងនោះមានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌមានជ័យ ៨នាក់ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ និង កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ២០នាក់ ។
លោកអភិបាលរងបានបន្ថែមទៀតថា ការដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើនេះ បានត្រួតពិនិត្យរថយន្តគ្រប់ប្រភេទឆ្លងកាត់ ចំនួន ៣០០គ្រឿង ក្នុងនោះបានបករថយន្តកញ្ចក់ខ្មៅចំនួន ១គ្រឿង និងត្រួតពិនិត្យម៉ូតូគ្រប់ប្រភេទឆ្លងកាត់ចំនួន ២៧០គ្រឿង ចំណែកឯអាវុធជាតិផ្ទុះ និងសារធាតុញៀន មិនមានឆ្លងកាត់ទេ និងបញ្ចប់ការត្រួតពិនិត្យនៅម៉ោង០៩:២០នាទីយប់ថ្ងៃដដែលនេះ ៕ ស តារា