ខេត្តតាកែវ: បុរសម្នាក់បាន ដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងធ្វើសំណង់គ្មានអ្នកណាដឹង បង្កការភ្ញាក់ផ្អើលទាំងព្រឹកបន្ទាប់ពីពេលព្រលប់បានចូលរួមផឹកស្រាជួបជុំមិត្តភក្តិជាមួយគេឯងសោះ។
ហេតុការណ៍ធញវើឲ្យភ្ញាក់ផ្អើលនេះកើតឡើង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
នគរបាលស្រុកបាទីបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន គឹមសាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេការជាងសំណង់ មានទីលំនៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកធ្វើសំណង់នៅកន្លែងកើហេតុនេះច្រើនថ្ងៃមកហើយ ។
ម្ចាស់ការដ្ឋានមានឈ្មោះ ឡេ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ បាននិយាយថា កាលពីព្រលប់ថ្ងៃទី៧ ខែ មីនា ឆ្នាំ២០១៨ ជនរងគ្រោះបានចូលរួមផឹកស្រាជួបជុំមិត្តភក្តិជាមួយក្រុមកម្មករសំណង់ ហើយពេលចប់កម្មវិធីក៏ទៅរកកន្លែងដេករៀងៗខ្លួន ។ ដោយឡែកជនរងគ្រោះ បានចងអង្រឹងដេកក្នុងការដ្ឋាន ហើយត្រូវខ្យល់គរស្លាប់គ្មានអ្នកណាដឹងឡើយ ។ លុះព្រឹកឡើង ក្រុមកម្មករឃើញជានរងគ្រោះដេកមិនក្រោកធ្វើការ នាំគ្នាចូលទៅដាស់ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានទៅដល់ធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយជំងឺខ្យល់គរទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕សហការី