ខេត្តស្វាយរៀង៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ខណៈជិះម៉ូតូរេចង្កូតធ្លាក់ផ្លូវទៅបុកនិងរបងផ្ទះរបស់ប្រជាពលរដ្ឋបែកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលស្លាប់មានឈ្មោះ ហ៊ុន តែង អាយុ៦០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១L-៣៩៤០ ខូចខាតយ៉ាងដំណំ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១L-៣៩៤០ ពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យស្រវឹងស្រា ខណៈនោះស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅបុកនិងរបងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងលាន់ប៉្រាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចេញមកចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៏លើកជនរងគ្រោះមកមន្ទីពេទ្យ ប៉ុន្តែអកុសសដោយសភាពធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់បាត់។
ក្រោយមកសមត្ថកិច្ចនគរបាលបានជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និង បានប្រគល់សាកសពទៅដល់បងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន