ខេត្តកណ្តាល: ពិតជាអាណោចអាធ័មណាស់ ដែលអ្នកដទៃគេស្លាប់ដោយជំងឺ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឬ ស្លាប់ដោយឧប្បត្តិហេតុផ្សេងៗ ដោយឡែកសម្រាប់បុរសនេះវិញបែរជាស្លាប់ដោយដើរធ្លាក់ចូលក្នុងអណ្តូងទឹកឈ្លក់ស្លាប់ស្ទើរពុំគួរឲ្យជឿ ។
ហេតុការណ៍បុរសធ្លាក់ចូលក្នុងអណ្ដូងទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃ ពុធ ៦ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
នគរបាលប៉ុស្តិ៍រដ្ឋបាលអំពៅព្រៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង គក ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមនុស្សមានសតិមិនគ្រប់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពលកើតហេតុជនរងគ្រោះដែលគេដឹងថាជាមនុស្សមានសតិមិសូវគ្រប់ បានដើរតែម្នាក់ឯងឆ្លងកាត់ក្នុងភូមិ ហើយមិនដឹងរឿងអី ស្រាប់តែដើរទៅធ្លាក់ក្នុងអណ្តូងទឹកជម្រៅជិត១ម៉ែត្រ បណ្តាលឲ្យឈ្លក់ទឹកស្លាប់ដោយគ្មានអ្នកណាដឹងឡើយ ខណៈនៅខាងលើអណ្តូងស៊ីម៉ងត៍មានកម្ពស់ពីរកង់ពីរដីទៅហើយនោះ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យលើសព ឃើញថា សពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺស្លាប់ដោយសារលង់ទឹកអណ្តូងពិតប្រាកដមែន។
ក្រោយពេលពិនិត្យ រួចសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ