ភ្នំពេញ៖ ម្ចាស់សណ្ឋាគារ វី លាក់បាំងសមត្ថកិច្ច ពាក់ព័ន្ធករណីបុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី១៥ បន្ទុប់លេខ១៥ នៅសណ្ឋាគារ វី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនបរទេសដែលស្លាប់មានឈ្មោះ lee Shta ភេទប្រុស ជនជាតិចិន តៃវ៉ាន់។
ពាក់ព័ន្ធករណីនេះ កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់សណ្ឋាគារ វី លាក់បាំងសមត្ថកិច្ច ចំពោះករណីជនជាតិចិនដែលលោតពីលើសណ្ឋាគាររបស់ខ្លួន ដោយឆ្លើយថា មិនដឹងលោតពីអគារណាឡើយ ដោយនៅក្បែរនោះ មានអគារខ្ពស់ចំនួន៤ឯណោះ រហូតអស់រយៈពេលជាង៤ម៉ោង ទើបសមត្ថកិច្ចស្រាវជ្រាវឃើញថា ពិតជាបានលោតពីសណ្ឋាគារវី ពិតប្រាកដមែន ដោយរកឃើញលិខិតឆ្លងដែន នៅបន្ទប់លេខ១៥ ជាន់ទី១៥ ។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុនៃការលោតសម្លាប់ខ្លួននេះ គឺមានជម្លោះជាមួយប្រពន្ធ call មកពីប្រទេសចិន ។
ប្រភពពីម្ចាស់រ៉ឺម៉កម៉ូតូម្នាក់ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារព័ត៌មានដឹងថា ខណៈគាត់កំពុងនិយាយលេងជាមួយមិត្តភ័ក្តិនៅក្បែរនោះ បានប្រហែល៥នាទី ក៏ឭសម្លេងផាំងលាន់ដូចរន្ទះ ស្រាប់តែគាត់ងាកទៅមើល ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឃើញមនុស្សធ្លាក់ពីលើអគារខុនដូ ចំពីលើដំបូលរ៉ឺម៉ករបស់គាត់បណ្ដាលឲ្យគាបមនុស្សជាប់ដាច់សាច់ដៃជើងគួរឲ្យរន្ធត់ រួចក៏ផ្អើលឆោឡោឡើងតែម្ដង។
ប្រភពពីសន្តិសុខដែលយាមខុនដូខាងលើបានប្រាប់ឲ្យដឹងថា បុរសបរទេសខាងលើ មិនសូវដែលឃើញមុខចេញ ចូលខុនដូនេះទេ តែមិនដឹងយ៉ាងម៉េច ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ បែរជាឃើញធ្លាក់ចុះមកពីជាន់ទី១៥ ចំរ៉ឺម៉កម៉ូតូដែលចតរង់ចាំដឹកភ្ញៀវនៅមុខខុនដូបែបហ្នឹងសោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុរួចសាកសួរ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសល្យវិច័យ ស្រាវជ្រាវរកមូលហេតុផងដែរ ៕ ស រស្មី