ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៣ភូមិក្នុងឃុំអណ្តូងទឹកនៅស្រុកបទុមសាគរប្រតិកម្មរឿងឈ្មួញកាយដីភ្នំវត្តបទុមគិរី

ចែករំលែក៖

ខេត្តកោះកុង៖ ដីភ្នំក្នុងវត្តបទុមគិរី ហៅ វត្តតាអុក ដែលមានអាយុកាលរាប់រយឆ្នាំ ស្ថិតក្នុងភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក បទុមសាគរ នាពេលថ្មីៗនេះកំពុងត្រូវបានឈ្មួញជីកកកាយយកអាចម៍ដីលក់យ៉ាង អនាធិបតេយ្យ ដោយមិនមានការហាម ឃាត់ពីអាជ្ញាធរ និងមន្ត្រីជំនាញឡើយ។

ប្រជាពលរដ្ឋចំនួន៣ភូមិ រួមមានភូមិ ប្រទាល ភូមិតាមាឃ និងភូមិតាអុកបាន លើកឡើងថា ពួកគាត់រស់នៅតំបន់នេះតាំងពីឆ្នាំ១៩៧៩ មិនដែលបានឃើញនរណាម្នាក់ហ៊ានមកបំពានកាប់ឆ្ការ ឬជីកកកាយ ដីភ្នំទេ ទើបតែពេលថ្មីៗនេះគេឃើញ ឈ្មោះ សន យ៉ាន មេប៉េអឹមស្រុកបទុមសាគរ បានយកគ្រឿងចក្រមកជីកកកាយយក អាចម៍ដីលក់ដោយពុំមានអាជ្ញាធរ ឬមន្ត្រី ជំនាញណាម្នាក់ហ៊ានមកក្បែរឡើយប្រហែល ជាបានទទួលលាភសក្ការៈពីឈ្មួញនោះ ហើយមើលទៅ ទើបមិនឃើញមកក្បែរ បែបនេះ។

ព្រះចៅអធិការវត្ត ព្រះនាម ដើង ក៏មានថេរដីកាដែរថា ព្រះអង្គបានប្រាប់ គណៈកម្មការអាចារ្យវត្ត និងថ្នាក់ឃុំ ស្រុក ដែរ តែស្ងាត់ឈឹង មិនឃើញអ្នកណាម្នាក់ចុះមកពិនិត្យឡើយ។

ជុំវិញបញ្ហានេះ លោក ឃៀង យិង មេឃុំអណ្តូងទឹក បានថ្លែងតាមទូរស័ព្ទថា មានពលរដ្ឋបានទូរស័ព្ទទៅគាត់ជាច្រើននាក់ តែគាត់ជាប់រវល់ពេកមិនបានចុះទៅពិនិត្យ ហើយរឿងកាយដីខាងលើ មកទល់នឹងពេលនេះគឺគ្មានពាក្យបណ្តឹងណាមួយមកដល់ដៃគាត់នោះទេ។

ចំណែកលោក ទូ សាវុទ្ធ អភិបាលស្រុក បទុមសាគរបានឲ្យដឹងតាមទូរស័ព្ទថា ចាំ លោកប្រាប់ទៅខាងអាជ្ញាធរឃុំឲ្យចុះពិនិត្យ បើមានករណីកាយដីភ្នំ ឬដីវត្ត មែន លោក​នឹងហាមឃាត់។

លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីរ រ៉ែ និង ថាមពល ក៏បានថ្លែងតាមទូរស័ព្ទដែរថា លោកកំពុងជាប់រវល់ប្រជុំនៅភ្នំពេញចាំ លោកមកវិញ លោកនឹងចុះទៅចាប់ បើសិនជាការកាយដីនេះដោយមិនមានច្បាប់អនុញ្ញាត៕ ហេង នរិន្ទ្រ


ចែករំលែក៖