ភ្នំពេញ៖ ទោះបីជាអាជ្ញាខណ្ឌច្បារអំពៅបានណែនាំ និងចុះរៀបចំសណ្តាប់ធ្នាប់ជាច្រើនលើកច្រើនសារយ៉ាងណា ក៏ដោយ បញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់រហូតទៅដល់ច្រាំងបាក់មានចំងាយប្រហែលជា១០០០ម៉ែត្របានធ្វើឲ្យអ្នកដំណើរឆ្លងកាត់តំបន់នេះមានការខឹងសម្បាររៀងរាល់ថ្ងៃ ដោយសារតែអ្នកលក់ដូរនៅអមសងខាងផ្លូវ យកចិញ្ចើមផ្លូវធ្វើជាកន្លែងចតយានយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងដេប៉ូលក់ឈើជិត៥០កន្លែងបានយកផ្លូវធ្វើជាកន្លែងដាក់ឈើ រថយន្តធន់ធ្ងន់ចូលទៅដឹកឈើ និងដាក់ឈើចុះ ទាំងថ្ងៃទាំងយប់ បណ្តាលឲ្យកំណាត់ផ្លូវនេះតូចចង្អៀតស្ទះចរាចររៀងរាល់ថ្ងៃ ។
អ្វីដែលធ្វើឲ្យមហាជនរិះគន់ខ្លាំងជាងគេនោះគឺតំបន់លក់ឈើតែម្តងថ្ងៃណា ក៏ដូចថ្ងៃណាដែរ ពោរពេញរថយន្តដឹកឈើធន់ធ្ងន់ចូលទៅដាក់ឈើចុះ និងដឹកឈើចេញ ។ កំណាត់ផ្លូវបេតុងនៅកន្លែងលក់ឈើបានក្លាយជាទីចំណតសម្រាប់រថយន្តដឹកឈើនីមួយៗរបស់ម្ចាស់ដេប៉ូឈើដោយមិនគិតថាទង្វើបែបនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ ចង់មហាជនរិះគន់រិចមាត់ ក៏មិនខ្វល់ដែរ ។ ផុតពីកន្លែងដេប៉ូឈើ ក៏មានដេប៉ូអេយចាយ១កន្លែងទៀតកំពុងតែធ្វើឲ្យអ្នកដំណើរមិនពេញចិត្តផងដែរដោយសារម្ចាស់ ដេប៉ូអេតចាយយកផ្លូវបេតុងធ្វើជាកន្លែងដាក់លក់សម្ភារៈផ្សេងៗ ។ មួយចំនុចទៀតនៅក្បែដេប៉ូលក់អេតចាយមានជាងជួសជុលម៉ូតូ១កន្លែង ក៏បានយកផ្លូវលេខ៣៦៩ធ្វើជាកន្លែងជួសជុលម៉ូតូផងដែរ ។
ពាក់ព័ន្ធបញ្ហាសណ្តាប់ធ្នាប់សាធារណៈនៅកំណាត់ផ្លូវលេខ៣៦៩ តំបន់ដេប៉ូលក់ឈើនេះដែរ លោក រស់ សុភក្តិ អភិបាលរងខណ្ឌ ទទួលបន្ទុកការងារសណ្តាប់ធ្នាប់ និងសាធារណៈការបានប្រាប់ ដូច្នេះថា បញ្ហាសណ្តាប់នៅតំបន់ដេប៉ូលក់ឈើតាមបណ្តោយផ្លូវលេខ ៣៦៩នេះលោកទទួលស្គាល់ថាមានភាពស្មុគ្រស្មាញមែន កន្លងមកអាជ្ញាធរបានចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំ២_៣ ដងមកហើយ តែបញ្ហាសណ្តាប់ធ្នាប់នេះនៅតែកើតមាន ដដែល ។ ទោះជាជួបបញ្ហាប្រឈមយ៉ាងណា ក៏ដោយ អាជ្ញាធរ និងខិតខំរកវិធីដោះស្រាយឲ្យបាន ៕ សណ្តោស