ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដែកអេតចាយជាច្រើនគ្រឿនយកចិញ្ចើមផ្លូវជាតិលេខ១ធ្វើជាចំណត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធន់ធ្ងន់ជាច្រើនគ្រឿងដែលដឹកសុទ្ធដែកអេតចាយផ្ទុកខ្ពស់ហួសពីទ្រុង ត្រៀមដឹកចេញពីទីតាំងស្តុកអេតចាយមួយកន្លែងនៅជាប់របងវត្តមជ្ឈឹមវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានធ្វើឲ្យមហាជនសម្តែងនូវការរិះគន់ ដោយសារតែរថយន្តដឹកដែកអេតចាយទាំងអស់ជាប្រភេទរថយន្តយីឌុបភ្លៅ៥ ផ្ទុកទម្ងន់យ៉ាងតិច៤០តោន រថយន្តខ្លះគ្របតង់កៅស៊ូពីលើដើម្បីសុវត្ថិភាពពេលបើកបរ រថយន្តខ្លះទៀតអត់គ្របនោះទេ ។

រថយន្តដឹកដែកធន់ធ្ងន់ជិត១០គ្រឿងផ្ទុកទំងន់យ៉ាងតិច៤០តោនក្នុងមួយគ្រឿងៗ បានឈប់ចតបន្តកន្ទុយគ្នានៅចិញ្ចើមផ្លូវជាតិលេខ១ នៅចំពីមុខដេប៉ូអេតចាយតែម្តងដោយមិនគិតពីផលប៉ះពាល់ដល់ការខូចខាតចិញ្ចើមផ្លូវជាតិទាល់តែសោះ ។ ការឈប់ចតរបៀបនេះកើតឡើងជារៀងរាល់ថ្ងៃគ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ចំណែកចិញ្ចើមផ្លូវជាតិលេខ១ ដែលដេកទ្រទម្ងន់រថយន្តធន់ធ្ងន់របស់ថៅកែអេតចាយបានរងនូវការប្រេះបែកជាបណ្តើរៗហើយ ។

អ្នកជំនាញប្រាប់ថា រថយន្តដែលធ្វើឲ្យផ្លូវខូចខ្លាំងជាងគេ គឺជាប្រភេទរថយន្តយីឌុប ភ្លៅ៤ ភ្លៅ៥ មានបណ្តោយខ្លីតែដឹកទម្ងន់បានរាប់តោន ព្រោះរថយន្តប្រភេទនេះមានទម្ងន់សង្កត់ព្រមគ្នា។ ដោយឡែករថយន្តធន់ធ្ងន់ដែលមានបណ្តោយវែង ក៏ធ្វើឲ្យផ្លូវខូចខាតដែរដោយសារតែដឹកលើសទម្ងន់ផ្ទុក ។

អ្នកបើកបររថយន្តដឹកដែកអេតចាយម្នាក់ប្រាប់ថា គ្រប់រថយន្តទាំងអស់ពេលមកដឹកដែកអេតចាយនៅជិតវត្តមជ្ឈឹមវ័ន្តគឺមកពេលថ្ងៃដើម្បីឲ្យគ្រឿងចក្រចាប់ដែកដាក់ចូលក្នុងរថយន្ត ហើយឈប់ចតនៅចិញ្ចើមផ្លូវជាតិទាំងសង្ខាង ។ លុះដល់ពេលយប់ចន្លោះពីម៉ោង៨ទៅដល់ម៉ោង១០ ទើបបើកចេញពីដេប៉ូទៅកាន់ព្រំដែនប្រទេសវៀតណាម ។ ការចេញដំណើរពេលយប់ចំណាយលុយតិចមិនសូវមានសមត្ថកិច្ចទេ ព្រោះរថយន្តទាំងអស់ដឹកដែកអេតចាយខ្ពស់ជាងទ្រុង ៕ សណ្តោស


ចែករំលែក៖