ខេត្តកណ្ដាលៈ សាសពបុរសម្នាក់ដោយមានសភាពហើមរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកមកទើរលើច្រាំងទន្លេមេគង្គ ដោយពុំដឹងអត្ដសញ្ញាណនោះទេ ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកល្វាឯមបានឲ្យដឹងថា សាកសពជនរងគ្រោះពុំស្គាល់អត្ដសញ្ញាណនោះទេ ដោយមានអាយុប្រហែល៣០ឆ្នាំ ស្លៀកខោគគីរ ពណ៌ខ្មៅ អាវយឺតដៃវែង ពណ៌ខៀវ ស មូលដៃ សង្ខាង មានពាក់ស្រោមដៃត្រឹម.កដៃ ទាំងដៃឆ្វេង និងដៃស្តាំ ។
ក្នុងការពិនិត្យនេះផងដែរ សមត្ថកិច្ចបានរកឃើញឯកសារមួយចំនួននៅលើដងខ្លួនជនរងគ្រោះមាន៖ កាបូបដៃ ពណ៌ខ្មៅចំនួន១ ដោយនៅក្នុងកាបូបនោះមាន ឯកសារបញ្ចាំម៉ូតូ ១សន្លឹក មានឈ្មោះ បៀន សុខផេង ,ឯកសារបញ្ចាំទូរសព្ទ័ចំនួន២សន្លឹក ,នាមប័ណ្ណ៣សន្លឹករូបថតចំនួន៤សន្លឹក ,ទូរសព័្ទដៃម៉ាកL.G បត់ ពណ៌ខ្មៅ១គ្រឿង ,កូនសោរមួយចង្កោមមាន៣កូនសោរ ,ប្រាក់រៀលក្រដាស១ម៉ឺន ចំនួនមួយសន្លឹក ,ក្រដាសប្រាក់៥០០ ចំនួន២សន្លឹក និងក្រដាស១០០ ចំនួន១សន្លឹកផងដែរ ។
ប្រភពដដែលបន្ដថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានករណីសាសពអណ្ដែទទឹក ភ្លាមនោះសមត្ថកិច្ចក៏បានចុះទៅធ្វើការពិនិត្យ តែពុំដឹងអត្ដសញ្ញាណរបស់ជនរងគ្រោះនោះទេ ។ ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុក រង់ចាំមន្រ្ដីជំនាញខេត្ដចុះមកពិនិត្យបន្ដទៀត ៕ ស្អាងជ័យ