ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ យកទូរសព្ទ័ដៃបានចំនួន៥គ្រឿង ហើយគេចខ្លួនរត់ដោយសុវត្ថិភាព ប៉ុន្តែត្រូវជនរងគ្រោះ (ម្ចាស់ទូរស័ព្ទ)ក៏បានឆែកតាមប្រពន្ធ័GPS ដែលភ្ជាប់ជាមួយទូរសព្ទ័ Iphone6 plush រហូតដឹងពីទីតាំងជនសង្ស័យលាក់ខ្លួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុងភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ហាក់ ភារុំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
មន្រ្តីនគរបាលប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា បន្ទាប់ពីជនរងគ្រោះបានរាយការណ៍ថា មានករណីគាស់ផ្ទះលួចយកទូរស័ព្ទដៃអស់ចំនួន៥គ្រឿងរួចមក ជនសង្ស័យបានមកសង្ងំលាក់ខ្លួន ទៅលេងហ្គេមបាញ់ត្រី នៅម្តុំគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យភ្លាមៗនោះ ម្ចាស់ទូរស័ព្ទក៏បានឆែកតាមប្រពន្ធ័GPS ដែលភ្ជាប់ជាមួយទូរសព្ទ័ Iphone6plush ក៏បានដឹងពីទីតាំងជនសង្ស័យលាក់ខ្លួន ទើបរាយការណ៍មកកម្លាំងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ហាក់ ភារុំ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី ៕ស តារា